(ម៉ូស្គូ)៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូ​បានស្នើយ៉ាង​ទទូច ឲ្យស្ថាប័ន​ស៊ើបការណ៍​សម្ងាត់របស់​សហរដ្ឋអាមេរិក ផ្តល់ការ​ឆ្លើយតប​យ៉ាងលម្អិត​ជាចំហ ចំពោះ​ការចោទ​ប្រកាន់របស់​គេហទំព័រ WikiLeaks ពាក់ព័ន្ធនឹង​សកម្មភាព Hack ផ្សេងៗ​របស់​ទីភ្នាក់ងារ CIA ដោយសារតែ​ឯកសារ​សម្ងាត់​ក្រោម​លេខ​កូដ Vault 7 ​ដែលត្រូវ​បានបែកធ្លាយ​នោះ អាចបង្កជាការគំរាមកំហែង​ធ្ងន់ធ្ងរ​ដល់សន្តិសុខ​អន្តរជាតិ​ទាំងមូល។ នេះ​បើ​តាមការ​ចេញ​ផ្សាយ​​ដោយសារព័ត៌មាន​រុស្ស៊ី Russia Today (RT) នៅ​រសៀល​ថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ីលោក​ស្រី Maria Zakharova បានថ្លែងថា៖ «យើងពិត​ជាចង់ឲ្យ​ស្ថាប័នស៊ើបការណ៍​សន្តិសុខ​នៅ​ទីក្រុង​​វ៉ាស៊ីនតោន ធ្វើការឆ្លើយ​តប​យ៉ាងពេញលេញ​ និងដោយបើកចំហ ចំពោះឯកសារ​សម្ងាត់ដែល​ត្រូវបាន​ចែកចាយ ជាមួយអង្គ​ហេតុជាក់​​លាក់ ហើយបើសិន​ជាព័ត៌មាននេះ​ត្រូវបញ្ជាក់ថា ​ជាការពិតមែន​នោះ វានឹងបង្ក​ការគំរាមកំហែង​យ៉ាងធំសម្បើម ដល់សន្តិសុខអន្តរជាតិ​​ក៏ដូចជាពិភពលោក​យើងទាំងមូល»។

ផ្អែកលើ​ឯកសារ​សម្ងាត់ CIA ដែលត្រូវបាន​ទម្លាយដោយ​គេហទំព័រ Wikileaks ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​អាមេរិក CIA អាចមាន​លទ្ធភាព Hack និងប្រមូល​សារឆ្លើយឆ្លង ឬ Messages នៅលើ WhatsApp និងកម្មវិធី​ទូរស័ព្ទដៃជាច្រើន​ផ្សេងទៀតត្បិត CIA បានតាមដាន​ក៏ដូចជាកំពុង​គ្រប់គ្រងទូរស័ព្ទដៃស្មាត​ដល់ទៅ​ ៨៥ភាគរយ នៅទូទំាង​ពិភពលោក។ ជាងនេះទៅទៀត CIA ក៏បានផលិតវីរុស​ព្រមទំាងកម្មវិធី​រាប់ពាន់ ដែលអនុញ្ញាត​ឱ្យខ្លួនចូល Hack ប្រមូលសារ​ឆ្លើយឆ្លង​នៅលើ​កម្មវិធី WhatsApp, Weibo របស់ចិន និង Clockman ចំណែក​ឯកសារជា​អក្សរ ឬជាសំឡេង​ក៏ត្រូវបាន CIA Hack ផងដែរ។

តាមឯកសារ​សម្ងាត់របស់ WikiLeaks បានឲ្យដឹងថា CIA បានបង្កើត​កម្មវិធី​រាប់ពាន់​ក្នុងនោះរួម​មានទំាង​ការបង្កើតវីរុស និងកម្មវិធី​ជាច្រើន​ផ្សេងទៀត ដែលអនុញ្ញាត​ឱ្យខ្លួន​ចូល Hack ទិន្នន័យ ឬគ្រប់គ្រង​ឧបករណ៍​អេឡិចត្រូនិច ដូចជាទូរស័ព្ទដៃ​ស្មាតហ្វូន កុំព្យូរទ័រ ទូរទស្សន៍ និងរថយន្ដ​ទំនើបជាដើម ដើម្បីឆ្លបយកការណ៍​លើអ្នកប្រើប្រាស់។ ចំណែកឯ​ក្រុមហ៊ុន Microsoft Apple និង Samsung ក៏បានបង្ហាញ​ការព្រួយបារម្ភ​របស់ខ្លួនផងដែរ បន្ទាប់ពី​ការបែក​ធ្លាយឯកសារសម្ងាត់ CIA។

គួរបញ្ជាក់ថា​ WikiLeaks បានបញ្ចេញ​ឯកសារជុំដំបូង​នៃ Vault 7 ដែលបកអាក្រាត​អំពីសមត្ថភាព​នៃ​ការ Hack របស់ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA របស់​អាមេរិក ហើយយោង​តាមក្រុមបញ្ចេញ​ឯកសារសម្ងាត់ដ៏​រសើបៗ​ជុំវិញពិភពលោក​​ដដែលនេះ ចង្កោម​ឯកសារ​ដែលមាន​ចំនួន​៨,៧៦១ច្បាប់នេះ គឺត្រឹមតែមួយ​ភាគរយ​ប៉ុណ្ណោះនៃឯកសារ​សម្ងាត់ទាំងស្រុង​ ដែលគ្រោង​នឹង​​ចេញផ្សាយ​ជាបន្តបន្ទាប់​ទៀត៕