(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ នឹងអញ្ជើញ​មេដឹកនាំ​ប៉ាឡេស្ទីនលោក ម៉ាមូដ អាប្បាស់ (Mahmud Abbas) មកកាន់​សេត​វិមាននា​ពេល​​​ឆាប់ៗ​ខាង​មុខ​នេះ នៅក្រោយកិច្ចសន្ទនាតាមទូរស័ព្ទ​លើកទីមួយ​រវាងមេដឹកនាំ​ទាំងពីររូប ចាប់តាំងពី​លោកប្រធានាធិបតី​អាមេរិក បានស្បថឡើងកាន់​តំណែង​ជាផ្លូវការ​កាលពីខែមករា​កន្លងទៅ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​របស់ប្រធានាធិបតី​ប៉ាឡេស្ទីន​បានឲ្យដឹងថា​ លោក ដូណាល់ ត្រាំ បានអញ្ជើញ​លោក អាប្បាស់ ទៅ​កាន់​​សេត​វិមាន​​នា​ពេល​​ឆាប់ៗ ដើម្បីពិភាក្សា​អំពីមធ្យោបាយ​ក្នុងការបន្ត​នីតិវិធី​នយោបាយ​ប៉ាឡេស្ទីន-អ៊ីស្រាអែល​វិញ។ លោក Nabil Abu Rudeina ដែលជា​អ្នក​នាំពាក្យ​បានបន្តទៀតថា​លោក ត្រាំ បានបញ្ជាក់ពី​ការប្តេជ្ញាយ៉ាង​មុតមាំ​របស់លោក ចំពោះដំណើរ​ការសន្តិភាពមួយ​ដែលនឹង​ឈានទៅ​រកសន្តិភាព​ពិតប្រាកដ​មួយរវាង​ជនជាតិប៉ាឡេស្ទីន​ និងអ៊ីស្រាអែល។ យោងតាម​ប្រភពដដែល​លោក អាប្បាស់ បានប្រាប់​លោក ត្រាំ ថា​សន្តិភាពគឺជា​ជម្រើសយុទ្ធសាស្រ្ត​មួយ សម្រាប់ប្រជាជន​ប៉ាឡេស្ទីន ដែលគួរតែនាំ​ទៅរកការបង្កើត​រដ្ឋប៉ាឡេស្ទីន​នៅក្បែរ​អ៊ីស្រាអែល។

នៅក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​​វិញ អ្នកនាំពាក្យ​សេតវិមាន​បានថ្លែងថា​លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់​អំពីជំនឿជឿជាក់​ផ្ទាល់ខ្លួន​របស់​លោក​​​ថា សន្តិភាព​អាចសម្រេចបាន រីឯពេលវេលា​ក៏បានមកដល់ផងដែរ​សម្រាប់ធ្វើ​ការចរចាគ្នា។ លោក សន ស៉្ពៃសឺ (Sean Spicer) បាន​និយាយ​​ថា «លោកប្រធានាធិបតី​បានគូសបញ្ជាក់​ថា សហរដ្ឋអាមេរិក​មិនអាចដាក់​ចេញនូវ​ដំណោះស្រាយ​មួយ ទៅលើអ៊ីស្រាអែល​ និង​ប៉ាឡេស្ទីន​បានឡើយ ហើយភាគីម្ខាង​ក៏ពុំអាចដាក់​បង្ខំកិច្ចព្រមព្រៀង​មួយទៅកាន់ភាគី​ម្ខាងទៀតបាន​ផងដែរ ហើយប្រធានាធិបតី​លោក ដូណាល់ ត្រាំ បានអញ្ជើញ​ប្រធានាធិបតី​លោក អាប្បាស់ មកជួបពិភាក្សាគ្នា​នៅឯសេតវិមាន​នាពេលឆាប់ៗ​ខាងមុខនេះ»

គួរបញ្ជាក់ថា​កាលពីពាក់​កណ្តាលខែកុម្ភៈ​កន្លងទៅនេះ លោក ដូណាល់ ត្រាំ បានទទួល​ស្វាគមន៍​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក ប៊ិនចាមីន នេតាន់យ៉ាហូ (Benjamin Netanyahu) នៅឯ​សេតវិមាន ដែលនៅក្នុង​ជំនួបកាល​នោះ លោក ត្រាំ បានបំបែក​គោលនយោបាយ​រាប់ទសវត្សរ៍របស់​សហរដ្ឋអាមេរិក ដោយការលើក​ឡើង​ថា​រូបលោក​មិនចាំបាច់​ត្រូវប្រើប្រាស់ «ដំណោះស្រាយរដ្ឋពីរ» ដើម្បីបញ្ចប់​ជម្លោះ​​​អ៊ីស្រាអែល-ប៉ាឡេស្ទីន​នោះឡើយ។ ដោយឡែក​ដំណើរការ​សន្តិភាព​ស្តីពី​បញ្ហានេះ បានជាប់​គាំងចាប់​តាំងពី​ខែមេសា ឆ្នាំ២០១៤​មកម៉្លេះ​ បន្ទាប់ពី​ការបរាជ័យ​នៃកិច្ចចរចា​ដោយ​ប្រយោល ដឹកនាំ​ដោយអតីតរដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក ចន ឃើរី៕