(តូក្យូ)៖ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ (ម៉ោងនៅទីក្រុងតូក្យូ) មហារលកយក្សស៊ូណាមិកម្ពស់ ១៤ម៉ែត្រដែលបង្កឡើងដោយគ្រោះធម្មជាតិរញ្ជួយដីកម្រិត ៩.១រ៉ិចទ័របានវាយប្រហារតំបន់ហ្វ៊ូគូស៊ីម៉ាភាគខាងកើតប្រទេសជប៉ុន បង្កជាគ្រោះមហន្តរាយដ៏តក់ស្លុតជាប្រវត្តិសាស្ត្រ ខណៈមនុស្សជិត ២០,០០០នាក់ត្រូវបានគេអះអាងថាបានស្លាប់ និងបាត់ខ្លួន។ នេះបើតាមវែបសាយចិន CTV News ដកស្រង់ពី AP នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។
រឿងរ៉ាវមហន្តរាយដ៏ធំធេង មិនមែនមានតែរលកស៊ូណាមិមួយមុខនោះឡើយ គ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរបំផុតនោះ ក៏បានបណ្តាលឲ្យផ្ទុះរោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ារបស់ជប៉ុន បង្កជាការបែកធ្លាយសារធាតុវិទ្យុសកម្មដ៏អាក្រក់បំផុតផងដែរ ដែលប្រជាជននៅទីនោះបានរងគ្រោះធ្ងន់មួយកម្រិតថែមទៀត។ បច្ចុប្បន្នបើទោះបីជាហេតុការណ៍នោះបានកន្លងផុតទៅ ៦ឆ្នាំទៅហើយក្តី ក៏ភាពឈឺចាប់ និងការភ័យខ្លាចនៅតែបន្តជាប់ក្នុងអារម្មណ៍ពួកគេជានិច្ច ហើយប្រជាជនជប៉ុនរស់នៅជុំវិញតំបន់កើតហេតុការណ៍ ក៏មានការថយចុះគួរឲ្យកត់សម្គាល់ផងដែរ។
គួរបញ្ជាក់ថាគិតចាប់តាំងពីឆ្នាំ២០១១ មកដល់ឆ្នាំ២០១៥ រដ្ឋាភិបាលជប៉ុនបានចំណាយថវិកា ២៦ពាន់ពាន់លានយ៉េន ស្មើនឹង ២២០ពាន់លានដុល្លារអាមេរិក ដើម្បីស្តារការខូចខាតទាំងឡាយឡើងវិញរួមទាំងប្រព័ន្ធសុវត្ថិភាពនៃរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំនៅភាគឦសាន។ បន្ថែមពីនេះគំរោងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ រដ្ឋាភិបាលបានសម្រេចប្រើប្រាស់ថវិកា ៦.៥ពាន់ពាន់លានយ៉េនបន្ថែមទៀត ស្មើនឹង ៥៥ពាន់លានដុល្លារ ដើម្បីធ្វើការស្តារតំបន់នោះរហូតដល់ប្រសើរឡើង។ ប្រជាជនជប៉ុនដែលជាសាច់ញាតិជនរងគ្រោះ និងមន្ត្រីរដ្ឋាភិបាលជប៉ុន បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ នៅទីក្រុងតូក្យូ និងនៅតំបន់កើតហេតុផ្ទាល់តែម្តង ដូចដែលធ្លាប់ធ្វើនាប៉ុន្មានឆ្នាំកន្លងមក៕