(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានថ្កោលទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ ធ្ងន់ៗថាជា «ឧក្រិដ្ឋជនទូទៅម្នាក់» បន្ទាប់ពីតុលាការធម្មនុញ្ញបានប្រកាសសាលក្រមសម្រេចគាំទ្រជាឯកច្ឆន្ទ ចំពោះការបោះឆ្នោតទម្លាក់រូបលោកស្រីចេញពីតំណែង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា «លោកស្រីមានរយៈពេលមួយឆ្នាំទៀតធ្វើជាប្រធានាធិបតី ប៉ុន្តែនាពេលនេះលោកស្រីត្រូវបានទម្លាក់ចេញពីមុខតំណែង ហើយលោកស្រីនឹងត្រូវទទួលរងការស៊ើបអង្កេតក្នុងនាមជាឧក្រិដ្ឋសាមញ្ញម្នាក់»។ លោកស្រី ផាក គឺនហេ ត្រូវបានគេទម្លាក់ចេញពីតំណែង ជុំវិញរឿងអាស្រូវពុករលួយដ៏កក្រើកមួយពាក់ព័ន្ធនឹងបណ្តាក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង នៅចំពេលដែលភាពតានតឹងកំពុងបន្តកើនឡើងជាមួយកូរ៉េខាងជើង និងចិន ប៉ុន្តែលោកស្រី ផាក បានបដិសេធថាពុំបានធ្វើខុសឡើយ។
គួរបញ្ជាក់ថាសេចក្តីរាយការណ៍យ៉ាងខ្លីខាងលើ ត្រូវបានចេញផ្សាយយ៉ាងឆាប់រហ័ស និងប្លែកជាងរាល់ដងសម្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដែលជាទូទៅតែងតែបានរង់ចាំរយៈពេលជាច្រើនថ្ងៃកន្លងផុតទៅ មុននឹងធ្វើការចុះផ្សាយពីព័ត៌មានបរទេស ដោយវាត្រូវបានធ្វើឡើងនៅថ្ងៃសុក្រម្សិលមិញនេះតែម្តង ជាថ្ងៃលោកស្រី ផាក ត្រូវតុលាការធម្មនុញ្ញសម្រេចទម្លាក់ចេញពីតំណែង៕