(សេអ៊ូល)៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ ដោយគណកម្មការរៀបចំការបោះឆ្នោតបានប្តេជ្ញាថា នឹងរៀបចំប្រព្រឹត្តទៅប្រកបដោយភាពសេរី និងយុត្តិធម៌។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia ចេញផ្សាយនៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។
លោក Kim Yong-deok ប្រធានគណកម្មការបោះឆ្នោតកូរ៉េខាងត្បូង បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋយ៉ាងដូច្នេះថា «ខ្ញុំមានការព្រួយបារម្ភណាស់ចំពោះការបែកចែកគ្នាផ្នែកនយោបាយ ដែលអាចបង្កទៅជាភាពចលាចលខ្លាំងនៃបរិយាកាសសង្គម អំឡុងពេលនៃការធ្វើដំណើរទៅរកការបោះឆ្នោត។ ហេតុដូច្នេះខ្ញុំសូមអំពាវនាវឲ្យសាធារណជនទាំងអស់ដោះស្រាយនូវជម្លោះ និងរក្សាភាពស្ងៀមស្ងាត់»។
គួរបញ្ជាក់ថាតុលាការធម្មនុញ្ញកូរ៉េខាងត្បូងនៅថ្ងៃសុក្រ បានចេញសាលក្រមសម្រេចទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងប្រធានាធិបតី ហើយ បន្ទាប់ពីលោកស្រីផុងខ្លួននៅក្នុងរឿងអាស្រូវពុករលួយនយោបាយ ឆយ ស៊ូនស៊ីល ហើយតាមរយៈការសម្រេចចិត្តនេះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនឹង ត្រូវធ្វើឡើងនៅ៦០ថ្ងៃបន្ទាប់។
ចៅក្រមតុលាការកំពូលទំាង០៨នាក់ បានសម្រេចចិត្តជាឯកច្ឆន្ទ ក្នុងសំឡេងគំាទ្រ ៨ទល់នឹង០ ទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងជាប្រធានាធិបតី នៅវេលាព្រឹកម៉ោង ១១៖០០នាទីថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល)។ ជាងនេះទៅទៀតតាមរយៈការសម្រេចចិត្តនេះ លោកស្រី ផាក បានក្លាយជាប្រមុខរដ្ឋដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រកូរ៉េ ដែលត្រូវបានទម្លាក់ចេញពីតំណែងក្នុងពេលកំពុងកាន់តួនាទី។
បាតុករចំនួនពីរនាក់បានស្លាប់ បន្ទាប់ពីបានទទួលរងរបួសយ៉ាងទម្ងន់ នៅក្នុងសកម្មភាពតវ៉ាចំពោះការចោទប្រកាន់នានាលើលោកស្រី ផាក គឺនហេ នៅព្រឹកថ្ងៃសុក្រនេះ និងសម្តែងការគាំទ្រអតីតប្រធានាធិបតីដែលទើបត្រូវបានតុលាការធម្មនុញ្ញសម្រេចទម្លាក់ចេញពីតំណែង មិនបានប៉ុន្មានម៉ោងផងនោះ៕