(ម៉ូស្គូ)៖ ប្រធានាធិបតី​រុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតី​តួកគីលោក តាយយីប អឺដូហ្គាន់ (Recep Tayyip Erdogan) បានថ្លែង​កោតសរសើរ​ និងស្ញប់ស្ញែង​ចំពោះចំណងទ្វេភាគី ដែលបានវិល​ទៅរក​ភាពប្រសើរ​​ឡើងរវាង​​ប្រទេស​ទាំងពីរ ស្របពេល​ដែលប្រមុខរដ្ឋាភិបាលទាំងពីរ​បានសន្យាថា​ នឹងបន្ត​សហការ​គ្នា​យ៉ាងពេញ​ទំហឹង ដើម្បីបញ្ចប់​សង្រ្គាមដ៏រ៉ាំរ៉ៃ​នៅក្នុង​ប្រទេសស៊ីរី។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃសៅរ៍ ទី១១ ខែ​មីនា ឆ្នាំ២០១៧។

មេដឹកនាំ​ទាំងពីរបាន​ជួបសំណេះសំណាល​គ្នានៅវិមាន​ក្រឹមឡាំង ដើម្បីធ្វើ​ការពិភាក្សាអំពី​ចំណុចយុទ្ធសាស្រ្ត​​ជា​ច្រើន​ នៃការអភិវឌ្ឍ​នូវទំនាក់ទំនង​ទ្វេភាគី​រុស្ស៊ី-តួកគី ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ដើម្បីដោះស្រាយ​បញ្ហានានា​ក្នុងតំបន់​ ​និង​ទូទាំង​សកលលោក ជាពិសេស​ជម្លោះនៅប្រទេស​ស៊ីរី​ និងអ៊ីរ៉ាក់។

នៅក្នុង​ជំនួបខាងលើ​លោក ពូទីន បានលើក​ឡើងថា «បទឈប់បាញ់​នៅស៊ីរីកំពុង​ប្រព្រឹត្តិ​ទៅជាធម្មតា ដោយសារតែ​​​កិច្ចខិតខំប្រឹងប្រែង​យ៉ាងសស្រាក​សស្រាំ​របស់រុស្ស៊ីតួកគី និងអ៊ីរ៉ង់។ ម៉្យាងវិញទៀត យើងបាន​ព្រមព្រៀងគ្នា​ជាមួយ​ភាគី​តួកគីថា នឹងបន្តកិច្ចសហប្រតិបត្តិរបស់ពួកយើង ក្នុងការប្រយុទ្ធ​ប្រឆាំងនឹង​ក្រុមភេរវករ ជាពិសេស​គឺក្រុម ISIS ​ក៏ដូចជាការ​ធ្វើការជាមួយគ្នា​តាមរយៈយោធា​ និងទីភ្នាក់ងារ​ពិសេស​ផងដែរ»

គួរបញ្ជាក់ថា​កិច្ចសហប្រតិបត្តិការ​ស្តីពីបញ្ហា​នៅស៊ីរី ​រវាងប្រទេសរុស្ស៊ី​ និងតួកគី បានគូស​ចំណាំនូវ​ការប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​មួយ សម្រាប់ប្រជាជាតិ​ទាំងពីរនេះ ដែលធ្លាប់​បានផ្តល់ការគាំទ្រ​ភាគីផ្ទុយគ្នា​នៅប្រទេសស៊ីរី អស់រយៈពេល​​ជាច្រើនឆ្នាំ​កន្លងមក៕