(សេអ៊ូល)៖ ក្រុមប្រឆាំងលោកស្រី ផាក គឺនហេ ពេលនេះបានសម្រេចគោលដៅមួយជំហានរបស់ពួកគេហើយនោះគឺការសម្រេចរបស់តុលាការធម្មនុញ្ញ ដែលបានសម្រេចទម្លាក់លោកស្រីពីតំណែង ប៉ុន្តែអ្វីដែលក្រុមប្រឆាំងចង់បានបន្ថែមទៀតនោះ គឺការចាប់ខ្លួនលោកស្រី ផាក គឺនហេ ទៅកាត់ទោស និងការលាលែងចេញពីតំណែងរបស់លោក Hwang Kyo-ahn ប្រធានាធិបតីស្តី និងជានាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបន្ថែមទៀត។ នេះបើតាមការដកស្រង់ព័ត៌មាននៅមុននេះបន្តិចពី Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។
ក្រុមប្រឆាំងលោកស្រី ផាក គឺនហេ បានប្រកាសថាពួកគេនឹងប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងសេអ៊ូល ដែលពួកគេធ្លាប់ធ្វើការប្រឆាំងនឹងអតីតប្រធានាធិបតីរូបនេះកាលពីប៉ុន្មានខែមុន រហូតដល់បានសម្រេចគោលដៅនោះ។ ការប្រកាសខាងលើនេះត្រូវបានអ្នកវិភាគព្រួយបារម្ភថា នឹងអាចមានភាពតានតឹងកើនឡើង ខណៈដែលក្រុមគាំទ្រលោកស្រី ផាក គឺនហេ ក៏បានប្រមូលផ្តុំគ្នាផងដែរនៅទីក្រុងសេអ៊ូលនេះ។
អ្នកនាំពាក្យក្រុមប្រឆាំងតវ៉ាឈ្មោះ Choi In-sook បានលើកឡើងយ៉ាងដូច្នេះថា «យើងទាមទារឲ្យមានការចាប់ខ្លួនលោកស្រី ផាក គឺនហេ និងការលាលែងពីតំណែងរបស់លោក Hwang Kyo-ahn ប្រធានាធិបតីស្តីទី និងជានាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង»។ លោក Hwang ដែលគ្រប់គ្នាដឹងថាជាមនុស្សស្មោះស្ម័គ្រនឹងលោកស្រី ផាក មានតួនាទីជានាយករដ្ឋមន្ត្រី ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទីកាលពីថ្ងៃទី០៩ ខែធ្នូ ក្រោយសភាសម្រេចព្យួរតំណែងរបស់លោកស្រី ផាក ដើម្បីអនុញ្ញាតឲ្យក្រុមរដ្ឋអាជ្ញាពិសេសស៊ើបអង្កេត។
គួរបញ្ជាក់ថាតុលាការធម្មនុញ្ញកូរ៉េខាងត្បូងនៅថ្ងៃសុក្រ បានចេញសាលក្រមសម្រេចទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងប្រធានាធិបតី ហើយ បន្ទាប់ពីលោកស្រីផុងខ្លួននៅក្នុងរឿងអាស្រូវពុករលួយនយោបាយ ឆយ ស៊ូនស៊ីល ហើយតាមរយៈការសម្រេចចិត្តនេះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនឹង ត្រូវធ្វើឡើងនៅ៦០ថ្ងៃបន្ទាប់។
ចៅក្រមតុលាការកំពូលទំាង០៨នាក់ បានសម្រេចចិត្តជាឯកច្ឆន្ទ ក្នុងសំឡេងគំាទ្រ ៨ទល់នឹង០ ទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងជាប្រធានាធិបតី នៅវេលាព្រឹកម៉ោង ១១៖០០នាទីថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល)។ ជាងនេះទៅទៀតតាមរយៈការសម្រេចចិត្តនេះ លោកស្រី ផាក បានក្លាយជាប្រមុខរដ្ឋដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រកូរ៉េ ដែលត្រូវបានទម្លាក់ចេញពីតំណែងក្នុងពេលកំពុងកាន់តួនាទី។
បាតុករចំនួនពីរនាក់បានស្លាប់ បន្ទាប់ពីបានទទួលរងរបួសយ៉ាងទម្ងន់ នៅក្នុងសកម្មភាពតវ៉ាចំពោះការចោទប្រកាន់នានាលើលោកស្រី ផាក គឺនហេ នៅព្រឹកថ្ងៃសុក្រនេះ និងសម្តែងការគាំទ្រអតីតប្រធានាធិបតីដែលទើបត្រូវបានតុលាការធម្មនុញ្ញសម្រេចទម្លាក់ចេញពីតំណែង មិនបានប៉ុន្មានម៉ោងផងនោះ៕