(សេអ៊ូល)៖ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បានបញ្ជាក់សាជាថ្មីថា ប្រព័ន្ធការពារមីស៊ីល​កម្រិតខ្ពស់​ THAAD ដែលអាមេរិកនឹង​បញ្ជូនមកដល់គ្រប់​គ្រឿងបរិក្ខានៅក្នុងខែមីនានេះ នឹងត្រូវធ្វើការដាក់ពង្រាយ​ទៅតាមកាលកំណត់ បើទោះបីជាពេលនេះកូរ៉េខាងត្បូងកំពុងមានភាពតានតឹងផ្នែកនយោបាយ ដោយសារ​តែការទម្លាក់លោកស្រី ផាក គឺនហេ ពីតំណែងប្រធានាធិបតី​កាលពីថ្ងៃសុក្រ​នោះក៏ដោយ។ នេះបើតាមការ​ទីភ្នាក់ងារ​ព័ត៌មាន​យ៉ុនហាប់ នាព្រឹក​ថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។

បន្ទាប់ពី​ការធ្វើតេស្ត​មីស៊ីល ៤គ្រាប់របស់កូរ៉េខាងជើង​កាលពីដើមសប្តាហ៍​នេះ តែមួយថ្ងៃ​បន្ទាប់ប៉ុណ្ណោះ​កូរ៉េខាងត្បូង និងអាមេរិក​បានយកឱកាស​​បង្កើន​ល្បឿនដាក់ពង្រាយ​ប្រព័ន្ធមីស៊ីល THAAD ដោយ​សម្រេចនាំ​ចូលឧបករណ៍​ពាក់ព័ន្ធនានាមកកាន់កូរ៉េខាងត្បូង នឹងគ្រោង​​ធ្វើការ​ដាក់ពង្រាយ​​ឲ្យបាន​រួចរាល់​យ៉ាងហោចណាស់​នៅចុងខែមេសា ខាងមុខនេះ។

មន្ត្រីយោធា​កូរ៉េខាងត្បូង​បានបញ្ជាក់យ៉ាង​ដូច្នេះថា «ប្រព័ន្ធមីស៊ីល THAAD នឹងត្រូវដាក់​ពង្រាយ​តាមការ​ព្រមព្រៀង​របស់​សម្ព័ន្ធមិត្ត។ វាត្រូវបាន​ជម្រុញល្បឿននៃការ​ដាក់ពង្រាយ​ បើទោះបីជា​​កូរ៉េខាងត្បូងជួប​ប្រទះនូវ​វិបត្តិនយោបាយ​ក៏ដោយ»។ គួរបញ្ជាក់ថា​ប្រទេសចិន និងរុស្ស៊ី​បានបង្ហាញ​ប្រតិកម្មយ៉ាងខ្លាំង​​ចំពោះ​ការដាក់​ពង្រាយ THAAD នេះ ហើយបញ្ហាជា​ច្រើនមកហើយ​បានផ្ទុះឡើង ជាពិសេសគឺ​វិស័យទំនាក់ទំនង​ពាណិជ្ជកម្ម និងធ្វើដំណើរ​រវាងចិន​និងកូរ៉េខាងត្បូង ចាប់ផ្តើមកើតភាព​រកាំរកូស៕