(ពិភពលោក)៖ ពាក្យស្លោកប្រចាំគេហទំព័រ WikiLeaks គឺ «បើកកកាយអាថ៌កំបាំងរបស់រដ្ឋាភិបាល» ដែលអាចមានន័យគ្រប់គ្រាន់ ក្នុងការពណ៌នាអំពីចរិតលក្ខណៈរបស់ស្ថាប័នមួយនេះថា ជាស្ថាប័នដែលក្លាហានក្នុងការទម្លុះទម្លាយអាថ៌កំបាំងនានារបស់រដ្ឋាភិបាល ជុំវិញពិភពលោក សូម្បីសហរដ្ឋអាមេរិកដែលជាមហាអំណាច ក៏មិនរួចផុតពីការបើកទម្លាយពីសំណាក់ គេហទំព័រដ៏ល្បីល្បាញមួយនេះឡើយ។
ជាក់ស្តែងថ្មីៗនេះ គេហទំព័រ WikiLeaks ទម្លាយពីអាថ៌កំបាំងរបស់ភ្នាក់ងារស៊ើបអង្កេត CIA របស់សហរដ្ឋអាមេរិកថា មានឧបករណ៍ដើម្បី Hack ទៅលើប្រព័ន្ធបច្ចេកវិទ្យាទំនើបៗជុំវិញពិភពលោក។ ដើម្បីស្វែងយល់កាន់តែច្បាស់ ខាងក្រោមនេះជាព័ត៌មានលម្អិតអំពីគេហទំព័រដ៏ល្បីល្បាញ និងកំពុងក្លាយជាប្រធានបទក្តៅជុំវិញពិភពលោកមួយនេះ៖
ប្រវតិ្តសង្ខេប៖
លោក Julian Assange ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកដំបូងបំផុតរបស់គេហទំព័រ WikiLeaks ត្រូវបានគេចាត់ទុកជាបិតាស្ថាបនិក គេហទំព័រមួយនេះ។ អង្គការ Wikileaks.org នេះ ត្រូវបានចុះបញ្ជីឈ្មោះក្នុងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០០៦។
គេហទំព័រនេះបានចេញផ្សាយនូវឯកសាររបស់ខ្លួនជាលើកដំបូងក្នុងខែធ្នូ ឆ្នាំ២០០៦។ លោក Julian Assange ត្រូវបានគេចាត់ទុកថា «ជាបេះដូង ជាដួងព្រលឹង ជាស្ថាបនិក ជាទស្សនវិទូ ជាអ្នកនាំពាក្យ ជាអ្នករៀបចំកូដសម្ងាត់ ជាអ្នករៀបចំ ជាអ្នកឧបត្ថម្ភប្រាក់ និងអ្វីៗផ្សេងៗ ជាច្រើនទៀត»។ មានមនុស្សជាច្រើនមានការយល់ច្រឡំថា WikiLeaks និង Wikipedia ថា ជាស្ថាប័នដែលមានទំនាក់ទំនងនឹងគ្នា តែវាមិនមែនជាការពិតឡើយ។ គិតត្រឹមខែមិថុនា ឆ្នាំ២០០៩ គេហទំព័រលំដាប់ពិភពលោកនេះ មានមនុស្សរហូតដល់១,២០០នាក់ ចុះឈ្មោះធ្វើការដោយស្ម័គ្រចិត្ត។
គោលដៅ៖
គោលដៅសំខាន់របស់គេហទំព័រនេះគឺ «បញ្ជូនព័ត៌មានដ៏មានសារៈសំខាន់ទៅកាន់សារធារណជន។ អ្វីដែលជាកិច្ចការសំខាន់របស់យើង គឺចេញ ផ្សាយនូវប្រភពឯកសារដើម រួមជាមួយនឹងព័ត៌មានរបស់យើង ដើម្បីធ្វើឱ្យប្រាកដថា អ្នកអាននិងអ្នកប្រវត្តិវិទូ អាចមើលឃើញពីភស្ថុតាង ពិតជាក់ស្តែង»។
គោលដៅមួយទៀតរបស់អង្គការនេះ គឺធានាបានថា អ្នកសារព័ត៌មាន និងអ្នកដែលបានបញ្ជូនព័ត៌មានមក គេហទំព័ររបស់ខ្លួនតាមរយៈ «Drop box» មិនទទួលរងផលប៉ះពាល់ ឬការចោទប្រកាន់អ្វីទាំងអស់ ដោយសារការបញ្ជូនឯកសារដ៏រស៊ើបនានា។ Drop box ត្រូវគេហទំព័រ WikiLeaks ចាត់ទុកថា ជាកន្លែងដែលមានលក្ខណៈ Update ថ្មីជានិច្ច មានប្រព័ន្ធរក្សាសុវត្ថិភាពខ្ពស់ មានលក្ខណៈអាណាមិករក្សាការសម្ងាត់ សម្រាប់អ្នកចង់បញ្ជូនសារមក WikiLeaks ដោយមិនបាច់បារម្ភខ្លាចបែកធ្លាយអត្តសញ្ញាណរបស់ខ្លួនឡើយ។ មនុស្សមួយចំនួនមានការ យល់ច្រឡំថាគេហទំព័រនេះ ជាប្រព័ន្ធផ្សព្វផ្សាយ ឬស្ថាប័នសារព័ត៌មាន។
នៅក្នុងបទសម្ភាសន៍មួយប្រចំាគេហទំព័រដ៏ល្បី លោក Assange បានពិភាក្សាពីសេរីភាពក្នុងការនិយាយស្តី លោកថា សេរីភាពក្នុងការនិយាយស្តី ជាការគ្រប់គ្រងត្រួតពិនិត្យទៅលើរដ្ឋាភិបាល និងច្បាប់។
រដ្ឋបាលគ្រប់គ្រង៖
មានរឿងគួរភ្ញាក់ផ្អើល ជាច្រើនរបស់ស្ថាប័នលំដាប់ពិភពលោកមួយនេះ។ ជាក់ស្តែងក្នុងបទសម្ភាសខែមករា ឆ្នាំ២០១០ បានឱ្យដឹងថា ក្រុមការងារ របស់ស្ថាប័ននេះ មានតែមនុស្សប្រាំនាក់តែប៉ុណ្ណោះដែលធ្វើការពេញម៉ោង ចំណែក៨០០នាក់ផ្សេងទៀត ធ្វើការតាមពេលវេលា ហើយគ្មានអ្នកណា ម្នាក់ទទួលបានផលសំណងអ្វីឡើយ។ កាន់តែគួរចាប់អារម្មណ៍នោះ WikiLeak’s មិនមានការិយាល័យផ្ទាល់ខ្លួន ច្បាស់លាស់អ្វីឡើយ។
ក្នុងខែវិច្ឆិកា ឆ្នាំ២០១០ មជ្ឈមណ្ឌលរបស់វា ត្រូវបានគ្រប់គ្រងដោយ Heather Marsh ដែលមើលការខុសត្រូវលើអ្នកសរសេរ និងអ្នកស្ម័គ្រចិត្ត ចំនួនជាង៧០នាក់។ គេហទំព័រនេះ បានបញ្ជាក់ថា ខ្លួនមិនមែនជាប្រព័ន្ធមួយសម្រាប់ធ្វើការរិះគន់ឡើយ។
គួរបញ្ជាក់ថា គេហទំព័រនេះ អាចបើកបានក្នុង Severs ជាច្រើនប្រភេទ និងខុសៗគ្នា នេះក៏ដោយសារមានការវាយប្រហារជាច្រើនលើកច្រើនសារ។ ដើម្បីសុវត្ថិភាពខ្ពស់ គេហទំព័រនេះត្រូវបានថែរក្សាដោយភ្នាក់ងារផ្តល់សេវាកម្មអ៊ីនធើណែត ប្រទេសស្វីស។ ចំណែក Servers ដទៃទៀត ត្រូវបានដាក់ពង្រាយពាសពេញពិភពលោក ដោយមាន Server គោល នៅក្នុងប្រទេសស្វីស។
ប្រភពហិរញ្ញវត្ថុ៖
WikiLeaks ជាអង្គការមិនស្វែងរកប្រាក់ចំណូល ត្រូវបានឧបត្ថម្ភភាគច្រើនពីអ្នកស្ម័គ្រចិត្ត និងពឹងផ្អែកទៅលើការឧបត្ថម្ភពីសារធារណជន។ មធ្យោបាយសំខាន់ក្នុងការទទួលបានប្រាក់ឧបត្ថម្ភ គឺផ្ទេរប្រាក់តាមធនាគារ និងប្រព័ន្ធចំណាយប្រាក់តាមប្រព័ន្ធអ៊ីនធើណែតជាដើម។ ការចំណាយ ប្រចាំឆ្នាំ គឺប្រហែលជា២០០,០០០អឺរ៉ូ ដែលចំណាយសំខាន់ទៅលើ Servers និងការទំនាក់ទំនងគ្នា ប៉ុន្តែការចំណាយនេះអាចនឹងត្រូវកើនឡើង ដល់ ៦០០,០០០អឺរ៉ូ ប្រសិនបើ ការងារនេះត្រូវការជួលបុគ្គលិក ដែលមិនមែនជាអ្នកស្ម័គ្រចិត្តដូចសព្វថ្ងៃ។
មូលនិធិ Wau Holland Foundation ជាអ្នកជួយដំណើរការដល់ការឧបត្ថម្ភគេហទំព័រ WikiLeaks។ តែក្នុងខែកក្កដា ឆ្នាំ២០១០ មូលនិធិនេះ បានបញ្ជាក់ ខ្លួនមិនបានផ្តល់ប្រាក់ដល់ WikiLeaks សម្រាប់បុគ្គលណាម្នាក់ឡើយ គឺសម្រាប់តែការចំណាយលើ hardware ការធ្វើដំណើរ និងការបញ្ជូនឯកសារតែប៉ុណ្ណោះ។
យ៉ាងនេះក្តី ក្នុងខែធ្នូ ឆ្នាំ២០១០ មូលនីធិដដែលនេះបានប្រកាសថា បានចំណាយប្រាក់សម្រាប់ជួយដល់បុគ្គលិក៤រូប ក្នុងនោះមានលោក Julian Assange ម្នាក់ផងដែរដែលទទួលបានប្រាក់ខែ។
ក្នុងឆ្នាំ២០១០ លោក Assange បានបញ្ជាក់ថា អង្គការរបស់ខ្លួន បានចុះឈ្មោះក្នុងបណ្ណាល័យនៅអូស្រ្តាលី មូលនិធិបារាំង ការសែតនៅស៊ុយអ៊ែត និងអង្គការពីរដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បីក្នុងគោលដៅស្វែងរកប្រាក់ចំណូល។
នៅក្នុងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៩ WikiLeaks បានប្រកាសថា ខ្លួនជួបបញ្ហាខ្វះមូលនិធិ និងផ្អាករាល់ការចូលទៅកាន់គេទំព័ររបស់ខ្លួន ។ ឯកសារមួយចំនួនដែលធ្លាប់បានមើលឃើញកន្លងមក មិនអាចមើលឃើញតទៅទៀតឡើយ តែឯកសារតិចតួចអាចបើកដោយមិនផ្លូវការ។ គេហទំព័រខ្វះខាតប្រាក់មួយនេះ បានប្រកាសថា ខ្លួននឹងបើកដំណើរការវិញ ពេញលក្ខណៈ ដរាបណារាល់ការចំណាយដើម្បីប្រតិបត្តិការមានប្រាក់សម្រាប់ចំណាយ។
ឧបសគ្គក្នុងពេលដំណើរការ៖
លោក Assagne បានទទួលស្គាល់ថា ដំណើរការនៃការបង្ហោះឯកសាររស៊ើបទំហំធំៗ តាមប្រព័ន្ធអ៊ីនធើណែត ថ្ងៃណាមួយអាចបណ្តាលឱ្យ «ដៃរបស់យើងខ្ទាតឈាម» ក៏អាចថាបានដែលមានន័យថា ការងារនេះវាគំរាមកំហែងដល់អាយុជីវិតមនុស្ស។ លោកបន្តថា ដើម្បីការពារពី គ្រោះថ្នាក់ ជារឿងដ៏សំខាន់មួយសម្រាប់ពួកគេ។ មិនតែប៉ុណ្ណោះគេហទំព័រ WikiLeaks បានពឹងផ្អែលើការស៊ើបអង្កេតទាន់រកឃើញមាន ភស្ថុតាងណាមួយ ដែលបញ្ជាក់ថា មានជនស៊ីវិលណាម្នាក់ ដែលរងផលប៉ះពាល់ដោយសារសកម្មភាពរបស់ WikiLeaks នៅឡើយ។
សូមជមា្របថា តាំងពីការបង្កើតមក គេហទំព័រនេះបានបើកទម្លាយនូវឯកសារសម្ងាត់សំខាន់ៗជាច្រើន របស់បណ្តាប្រទេសជាច្រើនទូទាំង ពិភពលោក ពិសេសគឺមហាអំណាចសហរដ្ឋអាមេរិកតែម្តង។ ការបើកទម្លាយឯកសារសំខាន់បែបនេះ ជាភស្ថុតាងបង្ហាញថា គេហទំព័រ ដែលមិនស្វែងរកប្រាក់ចំណូលមួយនេះ មិនមានភាពខ្លាចរអានឹងមហាអំណាចណាមួយឡើយ សំខាន់គឺសម្រេចតាមគោលដៅរបស់ខ្លួន ស្របនឹងពាក្យស្លោកគេហទំព័រមួយនេះដែលបានលើកឡើងថា «ទម្លាយអាថ៌កំបាំងរដ្ឋាភិបាល»៕
(បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា)