(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពលលោក John McCain បានថ្លែងនៅថ្ងៃសៅរ៍នេះថា ការទម្លាក់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ ចេញពីតំណែងបានស្តែងឲ្យឃើញពីកម្លាំងអានុភាពនៃស្ថាប័នប្រជាធិបតេយ្យនៃប្រទេសអាស៊ីខាងកើតមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បួង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០១៧។
លោក McCain បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា «នៅក្រោមស្ថានការណ៍ដ៏លំបាកជាទីបំផុត ប្រទេសកូរ៉េខាងត្បូងបានបង្ហាញឲ្យឃើញពី កម្លាំងសាមគ្គីនៃស្ថាប័នប្រជាធិបតេយ្យរបស់ខ្លួន។ ម៉្យាងវិញទៀតការផ្ទេរអំណាចដោយសន្តិវិធីទៅកាន់ប្រធានាធិបតីស្តីទីលោក Hwang Kyo-Anh និងការប្រកាសសាលក្រមរបស់តុលាការធម្មនុញ្ញបានផ្តល់ឲ្យខ្ញុំនូវការជឿជាក់ខ្ពស់ថា កូរ៉េខាងត្បូងនឹងងើបឡើងវិញចេញផុតពីបញ្ហាប្រឈមទាំងអស់នេះជាមួយនិងកម្លាំងថ្មី»។
នៅក្នុងឱកាសនោះដែរព្រឹទ្ធសមាជិកអាមេរិករូបនេះបានបន្តទៀតថា «ប្រជាពលរដ្ឋកូរ៉េខាងត្បូងគួរតែជ្រាបថា សហរដ្ឋអាមេរិកនៅតែបន្តប្តេជ្ញាយ៉ាងរឹងមាំចំពោះសម្ព័ន្ធភាពរបស់យើង ដោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលត្រូវតែបន្តធ្វើការជាមួយគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខរវាងប្រទេសយើងទាំងពីរ ហើយជាពិសេសនោះ ការទប់ទល់ជាមួយការគំរាមកំហែងនៃមីស៊ីល និងអាវុធនុយក្លេអ៊ែរដែលកំពុងកើនឡើងខ្លាំងរបស់កូរ៉េខាងជើង»។
គួរបញ្ជាក់ថាចៅក្រមតុលាការកំពូលទំាង០៨នាក់ បានសម្រេចចិត្តជាឯកច្ឆន្ទក្នុងសំឡេងគំាទ្រ៨ទល់នឹង០ទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងជាប្រធានាធិបតីនៅវេលាព្រឹកម៉ោង១១៖០០នាទីថ្ងៃសុក្រម្សិលមិញនេះ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល)។ ជាងនេះទៅទៀតតាមរយៈការសម្រេចចិត្តនេះ លោកស្រី ផាក បានក្លាយជាប្រមុខរដ្ឋដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រកូរ៉េ ដែលត្រូវបានទម្លាក់ចេញពីតំណែងក្នុងពេលកំពុងកាន់តួនាទី៕