(ចិន)៖ ចិញ្ចៀនពេជ្រមួយវង់ ដែលមានតម្លៃជាង៥លានដុល្លារហុងកុង ស្មើនឹង៦៤ម៉ឺនដុល្លារអាមេរិក ត្រូវបានប្លន់យកដោយចោរប្លន់ ពាក់ម៉ាស់ម្នាក់ វាយបំបែកកញ្ចក់យកពីហាងលក់គ្រឿងអលង្ការមួយកន្លែង ជាតំបន់ពោរពេញទៅដោយមនុស្ស នៅទីក្រុង Hong Kong ប្រទេសចិន។ នេះបើតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ។
ចោរប្លន់បានប្រើញញួរ វាយបំបែកទូរកញ្ចក់តាំងបង្ហាញ នៃហាងលក់គ្រឿងអលង្ការ 3D-Gold នៅតំបន់ Tsim Sha Tsui ទីក្រុង Hong Kong។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១១ព្រឹក (ម៉ោងក្នុងតំបន់) ប្រមាណក្រោយកន្លះម៉ោងបន្ទាប់ពីហាងបានបើកលក់។
មន្ត្រីប៉ូលិសមួយរូបបានប្រាប់ឲ្យដឹងព័ត៌មានជាបឋមថា ចិញ្ចៀនដែលត្រូវបានចោរប្លន់នោះ គឺជាវត្ថុដ៏មានតម្លៃបំផុតនៅក្នុងហាង។
អ្នកនាំពាក្យហាងលក់គ្រឿងអលង្ការ 3D-Gold បានប្រាប់ឲ្យដឹងថា នេះគឺជាលើកទីមួយហើយ ដែលហាងរបស់ខ្លួននៅក្នុងតំបន់ Tsim Sha Tsui ត្រូវបានចោរប្លន់យ៉ាងដូច្នេះ ចាប់តាំងពីវាត្រូវបានបើកឲ្យដំណើរការ នៅក្នុងឆ្នាំ២០១១។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា វាគឺជាចិញ្ចៀនពេជ្រ ដែលមានទំហំ៦.៦ការ៉ាត់៕