(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី បានធ្វើការគូសបញ្ជាក់នៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី ពុំមានកិច្ចចរចាលួចលាក់ជាសម្ងាត់ជាមួយសហរដ្ឋអាមេរិកឡើយ ដោយរដ្ឋាភិបាលទីក្រុងម៉ូស្គូ កំពុងតែធ្វើការងារក៏ដូចជាទំនាក់ទំនង ជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនតាមរយៈបណ្តាញការទូតធម្មតាប៉ុណ្ណោះ គ្មានអ្វីលើសពីនេះនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។
ឆ្លើយតបទៅនឹងសំណួរចោទសួរ នៅក្នុងអំឡុងការធ្វើសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានថ្លែងថា «ទេ! ពួកយើងកំពុងអនុវត្តន៍ការងារលក្ខណៈការទូត តាមរបៀបធម្មតាជាមួយសហរដ្ឋអាមេរិក ដូចទៅនឹងការធ្វើទំនាក់ទំនងការទូតជាមួយរដ្ឋធានី ព្រមទាំងបណ្តាប្រទេសដទៃៗផ្សេងទៀតជុំវិញពិភពលោក»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្តែងពីការគាំទ្រម្តងហើយម្តងទៀត អំពីការបង្កើតកិច្ចសន្ទនានយោបាយជាមួយទីក្រុងម៉ូស្គូ ជាពិសេសនោះ ពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ហើយលោកក៏ថែមទាំងបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីកសាងទំនាក់ទំនងជាវិជ្ជមាន ជាមួយប្រទេសរុស្ស៊ីផងដែរ ខណៈរដ្ឋាភិបាលទីក្រុងម៉ូស្គូ តែងតែបានលើកស្ទួយពីគោលគំនិត នៃការបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ជាមួយទីក្រុងវ៉ាស៊ីនតោន៕