(ត្បូងឃ្មុំ)៖ ដើម្បីជៀសវាងឲ្យបានដាច់ខាត នូវការនាំចូលបន្លែផ្លែឈើ ដែលខូចគុណភាព ជាពិសេសផ្ទុកនូវសារធាតុគីមី ដែលប៉ះពាល់ដល់សុខុមាលភាព អ្នកទទួលទាននោះ រថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយ សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ និងសមត្ថកិច្ចពាក់ព័ន្ធ រួមមាន មន្ត្រីគយ ប៉ូលីសអន្តោប្រវេសន៍ ពេទ្យសត្វ ដោយមានកិច្ច សម្របសម្រួលពី ប្រធានទីស្នាក់ការច្រកទ្វារត្រពាំងផ្លុង នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧នេះ បានធ្វើការចុះត្រួត ពិនិត្យបន្លែផ្លែឈើ មានដូចជា ក្រូចឆ្មារ ខ្ទឹមក្រហម ការ៉ុត ប៉េងប៉ោះ ម្ទេសប្លោក ខ្ទឹមស ខ្ទឹមបារាំង ត្របែក និងបន្លែផ្លែឈើជាច្រើនមុខទៀត ដែលឈ្មួញបានដឹកនាំចូលតាមរថយន្ត និងរ៉ីម៉កម៉ូតូ ពីប្រទេសវៀតណាម ។
លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ការអនុវត្តយុទ្ធនាការចុះត្រួតពិនិត្យនេះ ផ្អែកទៅលើការណែនាំ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ជាពិសេសអនុសាសន៍ របស់ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ដែលបានណែនាំដល់មន្ត្រីកាំកុងត្រូល គ្រប់សាខាទាំងអស់ទូទាំងប្រទេស ឲ្យធ្វើការត្រួតពិនិត្យទំនិញជាផលិតផល ម្ហូបអារហារ តាមទីផ្សារជាប្រចាំ ជាពិសេសធ្វើការពង្រឹងឲ្យបានដាច់ខាត នូវការនាំចូលបន្លែ ផ្លែឈើ និងគ្រឿងឧបភោគ-បរិភោគគ្រប់មុខ តាមច្រកទ្វារព្រំដែនទាំងអស់ ទូទាំងប្រទេស ដើម្បីធានា សុខភាពដល់ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់។
លោកប្រធានបានបន្តថា ក្រោយការពិនិត្យដោយប្រើឧបករណ៍ (Test kit) វិភាគលើបន្លែផ្លែឈើទាំងនោះ គឺបានប្រទះ ឃើញសំណល់ថ្នាំសំលាប់សត្វល្អិតនៅលើ ខ្ទឹមក្រហម និងខ្ទឹមសដែលជាសារធាតុគីមី មិនអនុញ្ញាតឲ្យប្រើប្រាស់ លើបន្លែទាំងនោះឡើយ ព្រោះវាបណ្តាលឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។
លោកបន្តទៀតថា ចំពោះករណីមានការនាំចូលនូវបន្លែ ដែលផ្ទុកសារធាតុគីមីហាមឃាត់ ទាំង២មុខខាងលើនេះ ត្រូវមានលិខិតបញ្ជាក់ពីគុណភាព សុវត្ថិភាព ឲ្យបានត្រឹមត្រូវ ពីអាជ្ញាធរមានសមត្ថកិច្ច ពីប្រទេសវៀតណាម នៅពេលធ្វើការនាំចូលលើកក្រោយ បើសិនជាគ្មានលិខិតបញ្ជាក់នោះ នឹងធ្វើការដកហូត។
មន្រ្តីកាំកុងត្រូលក៏បានធ្វើការណែនាំ និងអំពាវនាវដល់អាជីវករ ដែលនាំបន្លែ ផ្លែឈើ និងម្ហូបអាហារតាមច្រក ត្រពាំងផ្លុង ពីប្រទេសវៀតណាមទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ពោលគឺត្រូវនាំចូលទំនិញ ជាផលិតផលម្ហូបអាហារណា ដែលមានគុណភាពល្អ ហាមដាច់ខាតមិនឲ្យមានការនាំចូលបន្លែផ្លែឈើ ដែលផ្ទុកនូវ សារធាតុគីមី ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខុមាលភាព អ្នកប្រើប្រាស់នោះឡើយ៕