(គូឡាឡាំពួ)៖ ទីបំផុតក្រុមស៊ើបអង្កេតពិសេសនៃសហព័ន្ធម៉ាឡេស៊ី បានបញ្ចេញរបាយការណ៍ចុងក្រោយរបស់ខ្លួនក្នុងករណីឃាតកម្ម ដែលកូរ៉េខាងត្បូងអះអាងច្បាស់ៗតាំងពីរដើមមកថា ជនរងគ្រោះជាលោក គីម ជុងណាំ នោះហើយ ដោយបុគ្គលដែលកាន់លិខិតឆ្លងដែនឈ្មោះ គីម ចុល ពិតជាលោក គីម ជុងណាំ បងប្រុសម្តាយទីទៃនៃមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន យ៉ាងប្រាកដមែន ខណៈកូរ៉េខាងជើងកន្លងមកមិនដែលទទួលស្គាល់ការលើកឡើងនេះឡើយ។ នេះបើតាមការដកស្រង់ព័ត៌មានចេញផ្សាយនៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។
លោក គីម ជុងណាំ ត្រូវបានក្រុមឃាតកររៀបចំគំរោងបំពុល នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈ និងក្រោយមកទៀតអាជ្ញាធរម៉ាស៊ីឡេស៊ីបានរកឃើញដានសារធាតុគីមីពុល VX លើផ្នែកជុំវិញផ្ទៃមុខរបស់សាកសព ព្រមទាំងបានកំណត់មុខសញ្ញាជាច្រើនទៀតនៃជនដែលបានចូលរួមអំពើឃាតកម្ម ភាគច្រើនជាជនជាតិកូរ៉េខាងជើងក្នុងនោះមានទាំងមន្ត្រីក្នុងស្ថានទូតប្រចាំនៅគូឡាឡាំពួដែលប៉ូលិសម៉ាឡេស៊ីកំពុងឡោមព័ន្ធ និងទាមទារឲ្យចេញមកទទួលការសួរចម្លើយចំនួនបីរូបផងដែរ។
នៅថ្ងៃសុក្រនេះមេបញ្ជាការប៉ូលិសផ្នែកស៊ើបអង្កេតរបស់ម៉ាឡេស៊ី លោក Khalid Abu Bakar បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននានាថា «ប៉ូលិសបានបញ្ចប់ការពិនិត្យ និងតាមដានលើសាកសពរួចរាល់ហើយ និងធ្វើការប្រគល់សាកសព (គីម ជុងណាំ) ទៅឲ្យក្រសួងសុខាភិបាលវិញ»។ មន្ត្រីកំពូលម៉ាឡេស៊ីរូបនេះបានអះអាងទៀតថា គីម ចុល គឺពិតជា លោក គីម ជុងណាំ ប៉ុន្តែយើងត្រូវរង់ចាំគំរូ DNA ដែលត្រូវយកធ្វើការផ្គូរផ្គងតាមបច្ចេកទេសឲ្យរួចរាល់សិន ទើបអាជ្ញាធរធ្វើការប្រកាសចេញជាផ្លូវការតែម្តង៕