(គូឡាឡំាពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ នៅថ្ងៃសុក្រនេះបានអំពាវនាវឱ្យប្រជាជនខ្លួនរួបរួមសាមគ្គីគ្នា ខណៈលោកផ្ទាល់កំពុង ព្យាយាមរកមធ្យោបាយដើម្បីនាំយកជនជាតិម៉ាឡេស៊ី០៩នាក់ទៀត ដែលកំពុងជាប់គាំងក្នុងប្រទេសកូរ៉េខាងជើង ត្រឡប់មកស្រុកកំណើតវិញ។ ក៏ប៉ុន្តែទន្ទឹមនឹងការអំពាវនាវ លោក ណាជីប ក៏បានព្រមានកូរ៉េខាងជើងដែរថាកុំរំលោភលើមិត្តភាពរបស់ម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។
ម៉ាឡេស៊ី និងកូរ៉េខាងជើងចាប់ផ្ដើមពាក់មុខយក្សដាក់គ្នា បន្ទាប់ពីមានអំពើឃាតកម្មលើបុរសម្នាក់ ដែលគេជឿជាក់ថាជាលោក គីម ជុងណាំ នៅឯព្រលានយន្ដហោះអន្តរជាតិទីក្រុងគូឡាឡំាពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ ជាងនេះទៅទៀតដោយសារតែការខ្វែងគំនិតគ្នាលើសំណុំរឿងឃាតកម្មនេះ បានបង្ខំប្រទេសទំាងពីរដើរដល់ការសងសឹកគ្នាទៅវិញទៅមក ក្នុងនោះរួមមានទំាងការបណ្ដេញអគ្គរដ្ឋទូត និងហាមមិនឱ្យប្រជាជនរៀងៗខ្លួនចាកចេញពីប្រទេស។
«ខ្ញុំចង់អំពាវនាវឱ្យប្រជាជនម៉ាឡេស៊ីទំាងអស់ រួមទំាងថ្នាក់ដឹកនាំប្រទេស និងបក្សប្រឆាំង រួបរួមគ្នាផ្ដល់ការគាំទ្រដល់រដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះ។ ម៉ាឡេស៊ី តែងតែធានាជានិច្ចនូវទំនាក់ទំនងល្អជាមួយនឹងបណ្ដាប្រទេសដទៃ ក៏ប៉ុន្តែវាមិនមែនមានន័យថា ក្នុងចំណោមពួកគេ អាចរំលោភមិត្តភាព ឬក៏បំពានលើច្បាប់របស់យើងដោយគ្មានគោរពលើដែនអធិបតេយ្យភាពរបស់ម៉ាឡេស៊ីនោះទេ»។ នេះគឺជាការលើកឡើងរបស់លោក ណាជីប រ៉ាហ្សាក់។
គួរបញ្ជាក់ថាកាលពីព្រហស្បតិ៍រដ្ឋាភិបាលម៉ាឡេស៊ីបានអះអាងថា ជនជាតិម៉ាឡេស៊ីពីរនាក់ជាបុគ្គលិករបស់អង្គការសហប្រជាជាតិ បានចាកចេញពីកូរ៉េខាងជើងហើយ៕