(ប៉េកាំង)៖ ប្រទេសចិនបានបញ្ជាក់ថានឹងប្រើចំណាត់ការកម្រិតធ្ងន់ៗ ចំពោះសកម្មភាពបំបែកខ្លួននានានៃក្រុមអ្នកគាំទ្រសម្តេចសង្ឃ ដាឡៃ ឡាម៉ា ស្របពេលដែលបាតុករជាច្រើននាក់ បានរៀបចំធ្វើបាតុកម្មនៅតាមបណ្តាទីក្រុងធំៗនៅជុំវិញពិភពលោកនាថ្ងៃសុក្រនេះ ដើម្បីអបអរខួបនៃការរើបំរាស់របស់តំបន់ទីបេប្រឆាំងនឹងការគ្រប់គ្រងរបស់ចិនកាលពីឆ្នាំ១៩៥៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។
អភិបាលតំបន់ទីបេបានលើកឡើងថា រដ្ឋាភិបាលចិននឹងប្រកាន់គោលជំហរយ៉ាងរឹងមាំប្រឆាំងនឹងរបបបំបែកខ្លួននិយម ហើយនឹងប្រើប្រាស់ចំណាត់ការក្តៅចំពោះសកម្មភាពបង្កគ្រោះថ្នាក់ផ្សេងៗ នៃក្រុមអ្នកគាំទ្រសម្តេចសង្ឃ ដាឡៃ ឡាម៉ា។ ជាមួយគ្នានេះដែរប្រតិភូតំណាងជនជាតិភាគ Lhoba ដែលស្ថិតនៅភាគអាគ្នេយ៍នៃតំបន់ទីបេ ក៏បាននិយាយដែរថា «រឿងដែលត្រូវធ្វើសំខាន់បំផុតគឺការការពាររាល់តំបន់ព្រំដែនរបស់ប្រទេសចិន និងការសាងសង់លំនៅឋាន ហើយជាពិសេសដាច់ខាតនោះ យើងមិនអនុញ្ញាតឲ្យក្រុមណាមួយធ្វើការកាត់ផ្តាច់ដែនដីសូម្បីតែមួយមីលីម៉ែត្រពីចិននោះឡើយ»។
ជុំវិញបញ្ហានេះរដ្ឋាភិបាលចិនបានចាត់ទុកសម្តេចសង្ឃ ដាឡៃ ឡាម៉ា ដែលជាមេដឹកនាំសាសនាដ៏មានឥទ្ធិពលនៃតំបន់ទីបេ និងបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាបន្ទាប់ពីការបះបោរបរាជ័យកាលពីឆ្នាំ១៩៥៩នោះ ថាជា «បុគ្គលមានទំនោរចង់បំបែកខ្លួនដ៏គ្រោះថ្នាក់ជាទីបំផុត» ខណៈសម្តេចសង្ឃដែលទទួលបានពានរង្វាន់ណូបែលអង្គនេះ បានច្រានចោលការចោទប្រកាន់ ដែលថាព្រះអង្គជាអ្នកជំរុញឲ្យមានការប្រើអំពើហិង្សា និងបានគូសបញ្ជាក់ថា សម្តេចគ្រាន់តែចង់បានស្វ័យភាពយ៉ាងពិតប្រាកដមួយប៉ុណ្ណោះសម្រាប់តំបន់ទីបេ។
គួរបញ្ជាក់ថាឱកាសនៃគំរប់ខួបនេះ ត្រូវបានធ្វើឡើងចំពេលតែមួយនៃការធ្វើសន្និសីទសារព័ត៌មានប្រចាំឆ្នាំ នៃកិច្ចប្រជុំសភារបស់ក្រុមអ្នកតំណាងតំបន់ទីបេប្រចាំនៅចិន ដែលប្រារព្ធឡើងនៅទីក្រុងប៉េកាំង។ ដោយឡែកនៅថ្ងៃនេះដែរ បាតុករជាច្រើននាក់នៅតាមទីក្រុងមួយចំនួនរួមមាន ស៊ីដនី តៃប៉ិ និង ឡុងដ៍ បានរួមគ្នាតវ៉ាប្រឆាំងនឹងកង្វះខាតនៃសិទ្ធិមនុស្សនៅតំបន់ទីបេ៕