(សេអ៊ូល)៖ ក្រោយពីលោកស្រី ផាក គឺនហេ ត្រូវបានតុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងសម្រេចទម្លាក់ចេញពីតំណែងជាផ្លូវការកាលពីព្រឹកថ្ងៃសុក្រនេះ លោក Hwang Kyo-ahn ប្រធានាធិបតីស្តីទីបានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗ ដោយអំពាវនាវឲ្យរដ្ឋមន្ត្រីពាក់ព័ន្ធគ្រប់រូប រៀបចំចាត់ចែងកិច្ចការងារប្រកបដោយស្ថិរភាពដើម្បីកុំឲ្យមានការបែកបាក់គ្នាក្នុងសង្គមតទៅទៀត និងត្រៀមខ្លួនធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មីទៀត។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នារសៀលថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍របស់លោក Hwang ខាងលើនេះត្រូវបានរៀបចំឡើងនៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីដែលជាការរៀបចំសណ្តាប់ធ្នាប់ជាតិឡើងវិញ ក្រោយពីបញ្ចប់រឿងក្តីលោកស្រី ផាក គឺនហេ ពាក់ព័ន្ធនឹងអំពើពុករលួយ និងការបណ្តោយឲ្យមិត្តជិតស្និទ្ធលូកដៃកិច្ចការងារប្រទេសជាតិកន្លងមក។ មេដឹកនាំស្តីទីរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគោរពការសម្រេចរបស់តុលាការធម្មនុញ្ញ ហើយនឹងបន្តការទទួលខុសត្រូវដ៏ធំក្នុងនាមជាប្រធានគណរដ្ឋមន្ត្រីសម្រាប់ស្ថានការណ៍ដ៏ផុយស្រួយ ដែលមិនធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្ត្រនៃផ្លូវច្បាប់របស់កូរ៉េខាងត្បូងនេះ»។
គួរបញ្ជាក់ថារឿងរ៉ាវរបស់កូរ៉េខាងត្បូង ក៏បានបង្កការព្រួយបារម្ភផងដែរដល់សហគមន៍អន្តរជាតិ ខណៈប្រទេសនេះត្រូវបានចាត់ទុកជាកូននាគសេដ្ឋកិច្ចនៅអាស៊ី ដែលមានការចងសម្ព័ន្ធគ្នាជាមួយនឹងការអភិវឌ្ឍនៃបណ្តាតូចធំៗផ្សេងៗទៀត។ ចៅក្រមតុលាការកំពូលទំាង០៨នាក់ បានសម្រេចចិត្តជាឯកច្ឆន្ទ ក្នុងសំឡេងគំាទ្រ ៨ទល់នឹង០ ទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងជាប្រធានាធិបតី នៅវេលាព្រឹកម៉ោង១១៖០០នាទីថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល)។ ជាងនេះទៅទៀតតាមរយៈការសម្រេចចិត្តនេះ លោកស្រី ផាក បានក្លាយជាប្រមុខរដ្ឋដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រកូរ៉េ ដែលត្រូវបានទម្លាក់ចេញពីតំណែងក្នុងពេលកំពុងកាន់តួនាទី៕