(វ៉ាស៊ីនតោន)៖ នៅទីបំផុតសភាអាមេរិកបានអនុម័តគំរោងថវិកាថ្មីសម្រាប់អង្គការ NASA ដែលនឹងផ្គត់ផ្គង់ទីភ្នាក់ងារអវកាសនេះជាមួយទឹកប្រាក់ ចំនួន១៩.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៧នេះ ហើយវាបានផ្តោតសំខាន់ជាពិសេសទៅលើវិទ្យាសាស្រ្ត និងការធ្វើដំណើរទៅកាន់ទីអវកាស ខណៈផែនការលម្អិតស្តីពីការសិក្សាស្រាវជ្រាវនៅភពផែនដីដ៏ចម្រូងចម្រាស នៅតែបន្តស្ថិតក្នុងភាពស្រពិចស្រពិលដដែល។ នេះបើតាមការដកស្រង់ការចេញផ្សាយចេញពីគេហទំព័រ Engadget នៅរសៀលថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។
តួយ៉ាងទីភ្នាក់ងារអវកាស NASA ត្រូវបានបង្គាប់ឲ្យធ្វើការជំរុញបន្ថែមនូវកម្មវិធី Orion (ការអភិវឌ្ឍយានអវកាសសម្រាប់នាំយកអវកាសយានិក ទៅកាន់លំហអាកាសឲ្យបានឆ្ងាយជាងមុន) និង SLS (ការអភិវឌ្ឍគ្រាប់រ៉ុក្កែត ដ៏មានឥទ្ធិពលសម្រាប់បង្ហោះយានទៅកាន់ទីអវកាស) របស់ខ្លួនហើយចាំបាច់ត្រូវតែចេញបេសកកម្មមួយ ដោយគ្មានមនុស្សឲ្យបាននៅក្នុងឆ្នាំ២០១៨។ បន្ថែមពីនេះទៀត NASA ត្រូវបានណែនាំឲ្យធ្វើយ៉ាងណារៀបចំគំរោងមួយ ដើម្បីនាំយកមនុស្សលោកទៅដល់ ឬយ៉ាងហោចណាស់ទៅក្បែរភពអង្គារឲ្យបានក្នុងឆ្នាំ២០៣០។
ចំណែកឯនៅក្បែរភពកំណើតរបស់យើងវិញ ក្រុមអ្នកវិទ្យាសាស្រ្តនឹងត្រូវរិះរកវិធីដើម្បីបង្កើតវត្តមានមនុស្ស នៅហួសគន្លងកម្រិតទាបរបស់ផែនដី ក៏ដូចជាចាប់ផ្តើមបង្កើនគំនិតច្នៃប្រឌិតកាន់តែខ្លាំងបន្ថែមទៀត ក្នុងការអភិវឌ្ឍយន្តហោះល្បឿនលឿនជាងសំឡេង និងសមត្ថភាពនៃការធ្វើដំណើរ។
ដោយឡែកគំរោងមួយផ្សេងទៀតដែលមានជោគវាសនាកំពុងស្ថិតក្នុងមន្ទិលនោះ គឺបេសកកម្ម Ateriod Redirect ដែលទីភ្នាក់ងារអវកាស NASA បានគ្រោងឡើងដើម្បីប្រើប្រាស់ក្នុងការចាប់យកអាចមន៍ផ្កាយដែលស្ថិតនៅក្បែរផែនដីមួយ។ ដុំថ្មអវកាសនោះ នឹងត្រូវយកមកធ្វើការពិសោធន៍បន្តទៀត ដើម្បីជួយឲ្យក្រុមអ្នកវិទ្យាសាស្រ្តស្វែងយល់កាន់តែច្បាស់ អំពីមធ្យោបាយដើម្បីធានាសុវត្ថិភាពរបស់អវកាសយានិក ខណៈពេលដែលពួកគេធ្វើដំណើរទៅកាន់ភពអង្គារ។
ក៏ប៉ុន្តែគំរោងនេះបានជួបឧបសគ្គដោយសារតែសមាជិកសភាអាមេរិកមួយចំនួន ពុំអាចមើលឃើញពីសារៈប្រយោជន៍របស់សម្រាប់មហិច្ឆតារបស់អង្គការ NASA ក្នុងធ្វើដំណើរកាន់តែឆ្ងាយ ក៏ដូចជាកាត់តែជ្រៅនៅក្នុងទីអវកាសដ៏ធំល្វឹងល្វើយ ហើយ NASA មានពេលចំនួន១៨០ថ្ងៃ ដើម្បីធ្វើការស្ទាបស្ទង់ទៅលើគំរោងជំនួសផ្សេងមួយទៀត ឬក៏លើកហេតុផលឲ្យបានសាកសមសម្រាប់បន្តគំរោងនេះ បើមិនដូច្នោះទេវានឹងត្រូវបញ្ចប់ទាំងស្រុងតែម្តង។
គួរបញ្ជាក់ថាយោងតាមសមាជិកសភាអាមេរិកមួយរូប សេចក្តីព្រាងនេះមិនមានភាពល្អឥតខ្ចោះនោះឡើយ ដោយសារតែវាពុំបានលើកឡើងដោយផ្ទាល់អំពីរាល់កម្មវិធីវិទ្យាសាស្រ្តរបស់អង្គការ NASA។ ដោយឡែកបន្ទាប់ពីបានឆ្លងកាត់ការអនុម័តរបស់សភា សេចក្តីព្រាងនេះជាចុងក្រោយត្រូវឆ្លងកាត់ការចុះហត្ថលេខាឯកភាពពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីអាចចូលជាធរមានពេញលេញបាន៕