(ប៊ែរឡាំង)៖ ជើងហោះហើរស្ទើរតែទាំងអស់របស់អាកាយានដ្ឋានអន្តរជាតិចំនួនពីរក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ត្រូវបានលុបចោល ដោយសារតែកើតមានការតវ៉ាយ៉ាងខ្លាំងពីបុគ្គលិកបម្រើការងារក្នុងវិស័យអាកាសចរណ៍អាល្លឺម៉ង់ ដែលទាមទារឲ្យតម្លើងប្រាក់ឈ្នួលពី ១១អឺរ៉ូក្នុងមួយម៉ោង ទៅ១២អឺរ៉ូ (១២.៧១ដុល្លារអាមេរិក) ក្នុងមួយម៉ោងវិញ។ នេះបើតាមការដកស្រង់ការផ្សាយនៅមុននេះបន្តិចពី សារព័ត៌មាន Channel News Asia នារសៀលថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។
អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៊ែរឡាំងចំនួនពីរគឺ Tegel និង Schoenefeld បានអះអាងរួមគ្នាថា ជើងហោះហើរសរុបទាំងក្នុងស្រុក និងក្រៅស្រុកចំនួនសរុប ៤៥៩ជើងត្រូវបានលុបចោល ហើយដែលការតវ៉ាបានចាប់ផ្តើមឡើងតាមគ្រោងទុករយៈពេល ២៥ម៉ោង ដែលបានចាប់ផ្តើមនៅវេលាម៉ោង ៤៖០០នាទីទៀបភ្លឺថ្ងៃសុក្រនេះ ម៉ោងនៅទីក្រុងប៊ែរឡាំង ត្រូវនឹងម៉ោង ៣៖០០នាទីម៉ោងសកល។
គួរបញ្ជាក់ថាអាកាសចរណ៍ដែលទទួលរងផលប៉ះពាល់ពេលនេះមានដូចជា Air Berlin, Lufthansa, easyHet, និង Ryanair ផងដែរ។ លោក Enrico Ruemker ដែលជាមេដឹកនាំក្រុមអ្នកតវ៉ាខាងលើនេះអះអាងថា «យើងត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើការពិភាក្សាគ្នា ដែលជាពិតណាស់នឹងត្រូវធ្វើឡើងនៅចុងសប្តាហ៍នេះ»។ ដោយឡែកប្រតិបត្តិករនៅព្រលានយន្តហោះទាំងពីរ បានប្រាប់អ្នកដំណើរទាំងអស់ ឲ្យត្រៀមក្នុងការពិនិត្យជើងហោះហើររបស់ខ្លួនឡើងវិញ នៅពេលបញ្ចប់ការតវ៉ា៕