(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលស្គាល់ហើយថាប្រព័ន្ធកុំព្យូទ័ររបស់ទីភ្នាក់ងារចារកម្ម CIA គឺចាស់ហួសសម័យ និងគួរតែត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញ ខណៈបញ្ហាទាក់ទងនឹងការបែកធ្លាយឯកសារសម្ងាត់របសើ CIA នោះមិនត្រូវបានធ្វើការបកស្រាយនោះឡើយ ដោយអតីតមហាសេដ្ឋីរូបនេះគ្រាន់តែសម្តែងក្តីព្រួយបារម្ភថាវានឹងអាចបង្កផលប៉ះពាល់ដល់សន្តិសុខជាតិប៉ុណ្ណោះ។ នេះបើតាមអ្នកនាំពាក្យសេតវិមាន លោក សន ស្ពៃសឺ (Sean Spicer) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។
កាលពីថ្ងៃពុធកន្លងទៅលោក ត្រាំ ផ្ទាល់ក៏បានបង្ហាញពីការព្រួយបារម្ភផងដែរ ចំពោះព័ត៌មានស្ដីពីការលេចធ្លាយឯកសារសម្ងាត់ CIA ដែលចេញផ្សាយដោយគេហទំព័រ Wikileaks។ មិនតែប៉ុណ្ណោះលោកថែមទំាងបានសន្យាជាមុនថា បើសិនជាព័ត៌មានជាការពិត នោះអ្នកទទួលខុសត្រូវលើការបែកធ្លាយ ឯកសារសម្ងាត់នេះនឹងត្រូវទទួលទោសតាមច្បាប់។ ដោយឡែកជុំវិញបញ្ហាដ៏ចម្រូងចម្រាសនេះដែរ អ្នកនាំពាក្យសេតវិមាន លោក សន ស្ពៃសឺ បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា «គាត់ (លោក ត្រាំ) ជឿជាក់ថាប្រព័ន្ធកុំព្យូទ័រ របស់ CIA គឺចាស់ហួសសម័យ និងគួរតែត្រូវបានធ្វើបច្ចុប្បន្នភាពឡើងវិញ។ លើសពីនេះទៅទៀត លោកប្រធានាធិបតីពិតមានជាការព្រួយបារម្ភជាខ្លំាងទាក់ទិននឹងព័ត៌មាននៃការបែកធ្លាយឯកសារសម្ងាត់ CIA ដែលអាចជាការគំរាមកំហែងមួយដល់សន្តិសុខជាតិរបស់អាមេរិក»។
គួរបញ្ជាក់ថាបើយោងតាមឯកសារសម្ងាត់លេចធ្លាយជាង ៨,៧៦១ច្បាប់ ក្រោមលេខកូដ Vault7 ស្ដីពីសមត្ថភាព Hack របស់CIA ទីភ្នាក់ងារចារកម្មអាមេរិកមួយនេះ អាចគ្រប់គ្រងទូរស័ព្ទដៃស្មាតហ្វូនដល់ទៅ ៨៥ភាគរយ នៅទូទាំងពិភពលោកស្របពេល CIA បានផលិតវីរុសព្រមទំាងកម្មវិធីរាប់ពាន់ដែលអនុញ្ញាតឱ្យខ្លួនចូល Hack ប្រមូលសារឆ្លើយឆ្លងឬ Messages នៅលើកម្មវិធី WhatsApp Weibo Clockman កុំព្យូរទ័រ ទូរទស្សន៍ និងរថយន្ដទំនើបៗជាដើម ដើម្បីឆ្លបយកការណ៍លើអ្នកប្រើប្រាស់។ ទោះបីជាយ៉ាងនេះក្តី CIA បានបដិសេធទទួលស្គាល់ភាពត្រឹមត្រូវនៃឯកសារ Vault7 រីឯ FBI កំពុង ធ្វើការស៊ើបអង្កេតលើករណីលេចធ្លាយឯកសារសម្ងាត់នេះ៕