(សេអ៊ូល)៖ បាតុករចំនួនពីរនាក់បានស្លាប់ បន្ទាប់ពីបានទទួលរងរបួសយ៉ាងទម្ងន់ នៅក្នុងសកម្មភាពតវ៉ាចំពោះការចោទប្រកាន់នានាលើលោកស្រី ផាក គឺនហេ នៅព្រឹកថ្ងៃសុក្រនេះ និងសម្តែងការគាំទ្រអតីតប្រធានាធិបតីដែលទើបត្រូវបានតុលាការធម្មនុញ្ញសម្រេចទម្លាក់ចេញពីតំណែង មិនបានប៉ុន្មានម៉ោងផងនោះ។ នេះបើតាមបណ្តាញព័ត៌មានទាន់ហេតុការណ៍ ចេញផ្សាយដោយដកស្រង់ប្រភពពីសារព័ត៌មានកូរ៉េខាងត្បូងនៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។
តុលាការធម្មនុញ្ញកូរ៉េខាងត្បូងនៅព្រឹកថ្ងៃសុក្រនេះ បានចេញសាលក្រមសម្រេចទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងប្រធានាធិបតី ហើយ បន្ទាប់ពីលោកស្រីផុងខ្លួននៅក្នុងរឿងអាស្រូវពុករលួយនយោបាយ ឆយ ស៊ូនស៊ីល ហើយតាមរយៈការសម្រេចចិត្តនេះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនឹង ត្រូវធ្វើឡើងនៅ៦០ថ្ងៃបន្ទាប់។
គួរបញ្ជាក់ថាចៅក្រមតុលាការកំពូលទំាង០៨នាក់ បានសម្រេចចិត្តជាឯកច្ឆន្ទ ក្នុងសំឡេងគំាទ្រ ៨ទល់នឹង០ ទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងជាប្រធានាធិបតី នៅវេលាមព្រឹកម៉ោង១១៖០០នាទីថ្ងៃសុក្រនេះ (ម៉ោងនៅក្នុងទីក្រុងសេអ៊ូល)។ ជាងនេះទៅទៀតតាមរយៈការសម្រេចចិត្តនេះ លោកស្រី ផាក បានក្លាយជាប្រមុខរដ្ឋដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រកូរ៉េ ដែលត្រូវបានទម្លាក់ចេញពីតំណែងក្នុងពេលកំពុងកាន់តួនាទី៕