(សេអ៊ូល)៖ អ៊ីតាលីបច្ចុប្បន្នកំពុងប្រកាន់គោលជំហរ មិនព្រមផ្តល់សិទ្ធិអនុញ្ញាតដល់មន្រ្តីទូតកូរ៉េខាងជើងដែលទើបត្រូវបានតែងតាំងថ្មី ឲ្យចូលទៅកាន់ប្រទេសអឺរ៉ុបនេះឡើយ ដែលវាគឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអ៊ីតាលី ក្នុងការអនុវត្តន៍ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង ជុំវិញការធ្វើតេស្តមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ប្រទេសកុម្មុយនិស្តមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧ ដោយផ្អែកលើសេចក្តីរាយការណ៍នៃប្រព័ន្ធផ្សាយមួយរបស់សហរដ្ឋអាមេរិក។
យោងតាមប្រភពព័ត៌មានខាងលើ នៅក្នុងរបាយការណ៍ចំនួន០៦ទំព័ររបស់ខ្លួនជូនចំពោះអង្គការសហប្រជាជាតិ (UN) ប្រទេសអ៊ីតាលីដែលជាប្រធានគណកម្មាធិការនៃក្រុមប្រឹក្សាសន្តិសុខទទួលបន្ទុកលើ ការអនុវត្តន៍ទណ្ឌកម្មនៃសេចក្តីសម្រេចលេខ១៧១៨ ទៅលើរបបដឹកនាំទីក្រុងព្យុងយ៉ាង បានបញ្ជាក់ប្រាប់ថា ខ្លួនកំពុងតែអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវជំពូកមួយនៃសេចក្តីសម្រេចលេខ ២៣២១ ដែលស្នើឲ្យប្រជាជាតិជាសមាជិក UN កាត់បន្ថយចំនួនមន្រ្តីទូតកូរ៉េខាងជើងនៅតាមប្រទេសរៀងៗខ្លួន។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា នីតិវិធីនៃការទទួលស្គាល់ជាផ្លូវការនូវមន្រ្តីថ្នាក់ទីបី ដែលនឹងត្រូវទៅជំនួសទីប្រឹក្សានយោបាយនៅឯស្ថានទូតកូរ៉េខាងជើងក្នុងទីក្រុងរ៉ូមនោះ បានជាប់គាំងចាប់តាំងពីខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ។
គួរបញ្ជាក់ថាលើសពីនេះទៀត អាជ្ញាធរអ៊ីតាលីក៏បានបង្ខំសិស្សនិសិ្សតកូរ៉េខាងជើង ដែលកំពុងសិក្សាមុខជំនាញទាក់ទងនឹងនុយក្លេអ៊ែរ ឲ្យធ្វើការផ្លាស់ប្តូរមុខជំនាញសិក្សារបស់ខ្លួនជាបន្ទាន់ ជាការអនុឡោមតាមជំពូកមួយផ្សេងទៀតនៃសេចក្តីសម្រេចលេខ ២៣២១ ដែលអំពាវនាវដល់បណ្តាប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ កុំផ្តល់ឲ្យជនជាតិកូរ៉េខាងជើងនូវការបង្ហាត់បង្រៀនណា ដែលអាចចូលរួមចំណែកក្នុងសកម្មភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះឡើយ៕