(ហាណូយ)៖ នាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាមបានថ្លែងថា រូបលោកបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីសំដៅលើកកម្ពស់ចំណងទាក់ទងរវាងប្រទេសទាំងពីរ ក៏ដូចជាសហការជាមួយរដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ផងដែរជាពិសេសពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។
រដ្ឋាភិបាលវៀតណាមបានឲ្យដឹងនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា «នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានបញ្ជាក់ថា រូបលោកបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-អាមេរិក ហើយលោក Phuc បានក៏បានបង្ហាញពីបំណងប្រាថ្នារបស់លោកផងដែរថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងនៅតែបន្តធ្វើជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់វៀតណាម»។
គួរបញ្ជាក់ថាវៀតណាម ធ្លាប់ជាប្រទេសដែលទទួលបានផលប្រយោជន៍យ៉ាងច្រើនក្រៃលែងពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្តីពីភាពជាដៃគូអន្តរ-ប៉ាស៊ីហ្វិក ឬហៅកាត់ថា TPP ដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញក្រោមបទបញ្ជារបស់លោក ដូណាល់ ត្រាំ ប៉ុន្តែប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក៏បាននិងកំពុងបន្តបង្កើនការផ្សាភ្ជាប់ទំនាក់ទំនងជាមួយអាមេរិកផងដែរ នៅចំពោះមុខវិវាទដែនសមុទ្រជាមួយប្រទេសចិន៕