(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានប្រគល់ជូនសភានៃសាធារណរដ្ឋប្រជាមានិតចិន នូវរបាយការណ៍ការងារប្រចាំឆ្នាំរបស់រដ្ឋាភិបាលចិន ក៏ដូចជាគោលនយោបាយជាអាទិភាពសំខាន់សម្រាប់ឆ្នាំ២០១៧ ជាពិសេសទៅលើថវិកាជាតិបន្ថែមសម្រាប់យោធា និងការបង្កើនសមត្ថភាពរក្សាការពារដែនសមុទ្ររបស់ចិនផងដែរ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Global Policy Watch នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧។
ថ្លែងនៅចំពោះមុខកិច្ចប្រជុំពេញអង្គសភាជាតិ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន លោក Li Keqiang បានធ្វើបទបង្ហាញពីគោលនយោបាយសេដ្ឋកិច្ច និងការបរទេសសម្រាប់ឆ្នាំ២០១៧ ក្នុងនោះរួមមានដូចជា រចនាសម្ព័ន្ធសេដ្ឋកិច្ច និងកំណែទម្រង់ប្ដេជ្ញាកាត់បន្ថយការបំពុលខ្យល់អាកាស ការបង្កើនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ធានាឱ្យបាននូវតួនាទីជាអចិន្ត្រៃយ៍របស់ចិននៅលើឆាកអន្តរជាតិ ព្រមទំាងបានអំពាវនាវផងដែរឱ្យមានការ យកចិត្តទុកដាក់ខ្ពស់ចំពោះគោលនយោបាយហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០១៧ ហើយថែមទំាងសន្យាថារដ្ឋាភិបាលចិននឹងបង្កើតការងារថ្មីឱ្យបាន១១លានកន្លែងទៀតផង។
ដោយឡែកទាក់ទិននឹងគោលនយោបាយការបរទេស លោក លី បានគូសបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងបង្កើនសកម្មភាពចូលរួមចំណែកក្នុងអភិបាលកិច្ចពិភពលោក ពាណិជ្ជកម្មអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពជាដើម។ ក៏ប៉ុន្តែក្រៅតែពីរឿងសេដ្ឋកិច្ច និងគោលនយោបាយការបរទេស នាយករដ្ឋមន្ត្រីចិនរូបនេះក៏មិនភ្លេចដែរ ក្នុងការបញ្ជាក់ពីការពង្រឹងសមត្ថភាពការពារដែនសមុទ្រ និងបង្កើនកញ្ចប់ថវិកាយោធា ខណៈចិនកំពុងមាន ជម្លោះដែនទឹកជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ លើសំណុំរឿងសមុទ្រចិនខាងត្បូង៕