(វ៉ាស៊ីនតោន)៖ រូបភាពផ្តិតយកដោយផ្កាយរណបនាពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញពីសកម្មភាពយ៉ាងមមាញឹកបន្តបន្ទាប់ នៅឯមូលដ្ឋានសម្រាប់ធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលនេះអាចជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីត្រៀមរៀបចំសម្រាប់ការបំផ្ទុះសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរលើកទី០៦ របស់របបដឹកនាំទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧ ដោយផ្អែកលើគេហទំព័រមួយរបស់សហរដ្ឋអាមេរិក ដែលមាននាទីឃ្លាំមើលប្រទេសកុម្មុយនិស្តមួយនេះ។
យោងតាមសេចក្តីរាយការណ៍របស់គេហទំព័រ 38 North រូបភាពពីផ្កាយរណបពាណិជ្ជកម្មដែលត្រូវបានផ្តិតយកកាលពីថ្ងៃទី០៧ ខែមីនានេះ ទៅលើទីតាំងធ្វើតេស្តនុយក្លេអ៊ែរ Puggye-Ri បានបង្ហាញឲ្យឃើញពីសកម្មភាពយ៉ាងមមាញឹកនៅ North Portal ដែលជាតំបន់រដ្ឋបាល និងទីបញ្ជាការយោធាដ៏សំខាន់របស់កូរ៉េខាងជើង។
របាយការណ៍របស់ 38 North បានលើកឡើងថា «ជារួមសកម្មភាពទាំងនេះអាចឲ្យតំរុយថា កូរ៉េខាងជើងនៅតែបន្តរៀបចំផ្លូវរូងក្រោមដីនៅឯតំបន់ North Portal សម្រាប់ការធ្វើតេស្តនុយក្លេអ៊ែរនាពេលអនាគត។ ម៉្យាងវិញទៀតវាក៏បង្ហាញដែរថា ទីតាំង Punggye-Ri មានសមត្ថភាពសម្រាប់ការបំផ្ទុះសាកល្បងគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ តាមការឲ្យដំណឹងក្នុងរយៈពេលខ្លីបាន បន្ទាប់ពីក្បាលគ្រាប់នុយក្លេអ៊ែរ និងបរិក្ខាត្រួតពិនិត្យពាក់ព័ន្ធមួយចំនួនទៀតត្រូវបានបញ្ជូនទៅដល់ភ្លាមៗ»។
គួរបញ្ជាក់ថារបបដឹកនាំទីក្រុងព្យុងយ៉ាងបានធ្វើបំផ្ទុះសាកល្បង ក្បាលគ្រាប់នុយក្លេអ៊ែរលើកទី០៥ ដោយជោគជ័យកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ហើយបើយោងតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង កូរ៉េខាងជើងអាចធ្វើតេស្តនុយក្លេអ៊ែរបាននៅគ្រប់ពេលវេលាទាំងអស់ ប្រសិនប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន ចេញបញ្ជាឲ្យធ្វើដូច្នោះនោះ៕