(គូឡាឡាំពួ)៖ ខណៈពេលដែលម៉ាឡេស៊ី និងកូរ៉េខាងជើងកំពុងខិតខំប្រឹងប្រែងដោយអស់ពីលទ្ធភាព ដើម្បីដោះស្រាយជម្លោះការទូតរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរនោះ នាពេលនេះការយកចិត្តទុកដាក់សំខាន់កំពុងផ្តោតទៅលើខ្សែបណ្តាញចារកម្មជាជនជាតិកូរ៉េខាងជើង ដែលមានវត្តមានមិនក្រោម ១,០០០នាក់នោះឡើយនៅក្នុងប្រទេសម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។
ការលួចធ្វើឃាតលោក គីម ជុងណាំ ដែលជាបងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅឯអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ កាលពីបីសប្តាហ៍មុនបានបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងទៅ លើការធ្វើចារកម្មរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនៅម៉ាឡេស៊ី។
យោងតាមប្រភពមួយដែលបានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama ថាវត្តមានរបស់ប្រជាជនកូរ៉េខាងជើង ដែលកំពុងក្លែងបន្លំខ្លួននៅពីក្រោយអាជីពជាច្រើនខុសៗគ្នានោះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតបណ្តាញស៊ើបការណ៍សម្ងាត់ដ៏ជំនាញមួយ។ ប្រភពដែលបានឲ្យដឹងទៀតថា វាគ្មានអ្វីពិបាកយល់នោះឡើយថា ហេតុអ្វីបានជាជនជាតិកូរ៉េខាងជើងភាគច្រើនកំពុងបំពេញការងារជាអ្នកឯកទេសផ្នែកព័ត៌មានវិទ្យា (IT) និងក្លែងបន្លំខ្លួននៅពីក្រោយបណ្តាក្រុមហ៊ុនក្នុងស្រុកជាច្រើនក្នុងក្រុង Cyberjaya ដើម្បីជួយពួកគេប្រមូលទិន្នន័យ និងព័ត៌មានពីខាងក្នុង។
ប្រភពមិនបញ្ចេញអត្តសញ្ញាណនេះបានលើកឡើងដូច្នេះថា «ទាំងនេះពុំមានមនុស្សធម្មតានោះឡើយ ពីព្រោះពួកគេត្រូវបានបង្វឹក និងបង្ហាត់យ៉ាងស្ទាត់ជំនាញ នៅមុនពេលដែលត្រូវបានជ្រើសរើសដោយរដ្ឋាភិបាលកូរ៉េខាងជើង ដើម្បីបញ្ជូនទៅធ្វើការនៅក្រៅប្រទេស។ ម៉្យាងវិញទៀតស្របពេលដែលទទួលបានការឧបត្ថម្ភពីបណ្តាក្រុមហ៊ុនក្នុងស្រុក វត្តមានរបស់ពួកគេនៅម៉ាឡេស៊ីមិនមែនត្រឹមតែដើម្បីប្រកបរបរចិញ្ចឹមជីវិតឡើយ តែថែមទាំងធ្វើជាភ្នាក់ងារចារកិច្ចពោរពេញដោយសមត្ថភាពទៀតផង។»
គួរបញ្ជាក់ថាយោងតាមប្រភពខាងលើ ក្រុមមនុស្សទាំងនេះគឺជាផ្នែកនៃជនជាតិកូរ៉េខាងជើងសរុបប្រហែលជា ១០០,០០០នាក់ដែលកំពុងធ្វើការនៅក្រៅប្រទេសជុំវិញពិភពលោក ហើយបានក្លាយជាធនធានដ៏មានសារៈសំខាន់បំផុតសម្រាប់របបដឹកនាំទីក្រុងព្យុងយ៉ាង ដោយសារតែពួកគេទាំងនោះ ក៏បាននិងកំពុងបន្តបញ្ជូនថវិកាដែលរកបានទៅកាន់ប្រទេសកំណើតរបស់ពួកគេផងដែរ។ លើសពីនេះទៀត ជនជាតិកូរ៉េខាងជើងនៅឯក្រៅប្រទេស តម្រូវឲ្យធ្វើសេចក្តីរាយការណ៍ជូនស្ថានទូតរបស់ពួកគេជារៀងរាល់ខែ និងឆ្លតកាត់ការសាកសួរយកការណ៍ថែមទៀតផង៕