(ម៉ូស្គូ)៖ នៅក្នុងជំនួបរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូន បុរសខ្លាំងរុស្ស៊ីបានអំពាវនាវឲ្យប្រទេសអ៊ីស្រាអែលផ្តោតការយកចិត្តទុកដាក់ដ៏សំខាន់ទៅលើ កិច្ចការអន្តរជាតិ ហើយសូមកុំមើលប្រទេសអ៊ីរ៉ង់ដូចកាលពីនៅសម័យ ៥០០ឆ្នាំមុនគ.សនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៊ី RT នាព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។
ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ពូទីន នោះលោក ណឺតាន់យ៉ាហ៊ូ បានបញ្ជាក់យ៉ាងដូច្នេះថា «អតីតចក្រពត្តិ Persia មានចេតនាមួយក្នុងការបំផ្លាញជនជាតិជ្វីប ប៉ុន្តែមិនបានសម្រេចកាលពី ២,៥០០ឆ្នាំមុន ហើយមកដល់សព្វថ្ងៃនេះអ្នកស្នងពួក Persia (អ៊ីរ៉ង់) ក៏កំពុងដើរតាមគន្លងចាស់ក្នុងការបំផ្លាញរដ្ឋរបស់ជនជាតិជ្វីប (អ៊ីស្រាអែល) បន្តទៀត»។
លោក ពូទីន និងលោក ណឺតាន់យ៉ាហ៊ូ បានជួបពិភាក្សាគ្នាដ៏កម្រនៅទីក្រុងម៉ូស្គូ ដោយផ្តោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម, វិបត្តិនៅស៊ីរី, និងទំនាក់ទំនងដ៏តានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ហើយដែលគ្រប់គ្នាបានដឹងហើយថា ទីក្រុងតេហេរ៉ង់គឺជាសម្ព័ន្ធមិត្តកាត់ទឹកមិនដាច់ជាមួយទីក្រុងម៉ូស្គូ ដូច្នេះទីក្រុងម៉ូស្គូដ៏ចង់ឲ្យអ៊ីស្រាអែល ព្យាយាមបន្ថយឥទ្ធិពលនៃជម្លោះរវាងគ្នាផងដែរ៕