(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា សមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នាជាមួយសហរដ្ឋអាមេរិក នឹងនៅតែបន្តប្រព្រឹត្តទៅជាធម្មតា តាមការគ្រោងទុកដដែល បន្ទាប់ពីចិន បានដាក់សំណើឲ្យមានការបញ្ឈប់ជាបន្ទាន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។
នាថ្ងៃពុធសប្តាហ៍នេះរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានដាក់សំណើថា កូរ៉េខាងជើងត្រូវបញ្ឈប់សកម្មភាពផ្លោងគ្រាប់មីស៊ីល និងបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ ជាថ្នូរនឹងការបញ្ឈប់សមយុទ្ធយោធារវាងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែជាឆ្លើយតបអ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Moon Sang-gyun បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា «សមយុទ្ធយោធារួមគ្នានេះ នឹងនៅតែបន្តប្រព្រឹត្តទៅដោយគ្មានការបញ្ឈប់នោះឡើយ ដោយវាគឺជាសមយុទ្ធការពារជាតិប្រចាំឆ្នាំសុទ្ធសាធ»។
គួរបញ្ជាក់ថា នាថ្ងៃទី០១ ខែមីនាកន្លងទៅនេះ កងទ័ពកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយដ៏ធំមហិកមាមួយមានឈ្មោះថា Foal Eagle ដែលមានរយៈពេលពីរខែ ហើយមានការចូលរួមពីកងកម្លាំងជើងគោក ជើងទឹក និងជើងអាកាស។ ម៉្យាងវិញទៀតសម្ព័ន្ធមិត្តទាំងពីរនេះ ក៏គ្រោងនឹងចាប់ផ្តើមសមយុទ្ធយោធាមួយប្រភេទផ្សេងទៀតផងដែរឈ្មោះ Key Resolve មានរយៈពេលពីរសប្តាហ៍ នៅថ្ងៃទី១៣ ខែមីនានេះ។
ពាក់ព័ន្ធនឹងការធ្វើសមយុទ្ធនេះ នាវាផ្ទុកយន្តហោះចម្បាំងរបស់អាមេរិក USS Carl Vinson នឹងធ្វើដំណើរទៅដល់ទីក្រុង Busan ប្រហែលជានៅថ្ងៃទី១៥ ខែមីនា ដើម្បីចូលរួមសមយុទ្ធ Foal Eagle ហើយយន្តហោះបំបាំងកាយ F-35B ជំនាន់ថ្មីដ៏ទំនើបរបស់កងទ័ពអាមេរិក ក៏នឹងចូលរួមផងដែរ។ ក្រៅពីនេះសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកដ៏មានអនុភាព B-1B និង B-52 ព្រមទាំងយន្តហោះយោធា V-22 Osprey ដើម្បីធ្វើជាការបង្ហាញសាច់ដុំកាន់តែខ្លាំងដាក់កូរ៉េខាងជើង ដែលទើបតែបានបាញ់មីស៊ីលផ្លោងចំនួនបួនគ្រាប់ នាថ្ងៃចន្ទដើមសប្តាហ៍នេះ សំដៅសម្តែងការខឹងសម្បារ ចំពោះសមយុទ្ធយោធាកូរ៉េខាងត្បូង-អាមេរិក៕