(ឡុងដ៏)៖ ផ្អែកលើឯកសារសម្ងាត់ Vault7 ដែលត្រូវបានទម្លាយដោយគេហទំព័រ Wikileaks ទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក CIA អាចមានលទ្ធភាព Hack និងប្រមូលសារឆ្លើយឆ្លង ឬ Messages នៅលើ WhatsApp និងកម្មវិធីទូរស័ព្ទដៃជាច្រើនផ្សេងទៀតត្បិត CIA បានតាមដានក៏ដូចជាកំពុងគ្រប់គ្រងទូរស័ព្ទដៃស្មាតដល់ទៅ ៨៥ភាគរយ នៅទូទំាងពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today និងបណ្តាញសារព័ត៌មានធំៗនៅលើពិភពលោក នៅមុននេះបន្តិចនាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។
យោងតាមឯកសារសម្ងាត់លេចធ្លាយជាង៨,៧៦១ច្បាប់ក្រោមលេខកូដ Vault7 ស្ដីពីសមត្ថភាព Hack របស់ CIA ប្រព័ន្ធកម្មវិធី Android នៃក្រុមហ៊ុន Google ដែលប្រើនៅលើទូរស័ព្ទដៃស្មាតហ្វូនជាង ៨៥ភាគរយ នៅទូទំាងពិភពលោក ជាពិសេសគឺផលិតដោយក្រុមហ៊ុន Samsung និង Sony ជាដើមត្រូវបានទីភ្នាក់ងារចារកម្មអាមេរិក CIA មួយនេះគ្រប់គ្រង និងប្រើប្រាស់ដើម្បីបញ្ជាក់ពីអត្តសញ្ញាណ និងប្រមូលព័ត៌មាន ឬក៏ទិន្នន័យសម្ងាត់របស់អ្នកប្រើប្រាស់។
ជាងនេះទៅទៀត CIA ក៏បានផលិតវីរុសព្រមទំាងកម្មវិធីរាប់ពាន់ ដែលអនុញ្ញាតឱ្យខ្លួនចូល Hack ប្រមូលសារឆ្លើយឆ្លងនៅលើកម្មវិធី WhatsApp, Weibo និង Clockman ចំណែកឯកសារជាអក្សរ ឬជាសំឡេងក៏ត្រូវបាន CIA Hack ផងដែរ។
គួរបញ្ជាក់កាលពីថ្ងៃអង្គារ Wikileaks បានចេញផ្សាយឯកសារសម្ងាត់ក្រោមលេខកូដ Vault 7 ដោយក្នុងនោះផ្នែកទីមួយហៅថា Year Zero មានឯកសារជាង ៨,៧៦១ច្បាប់ដែលនិយាយពីសមត្ថភាព Hack របស់ CIA ក្នុងការប្រមូលយកទិន្នន័យ និងគ្រប់គ្រងលើឧបករណ៍អេឡិចត្រូនិចដូចជា ទូរស័ព្ទដៃស្មាតហ្វូន កុំព្យូរទ័រ ទូរទស្សន៍ និងរថយន្ដទំនើប ដើម្បីឆ្លបយកការណ៍លើអ្នកប្រើប្រាស់។ ទោះបីជាយ៉ាងណា CIA បានបដិសេធទទួលស្គាល់ភាពត្រឹមត្រូវនៃឯកសារ Vault7 ខណៈ FBI កំពុងធ្វើការស៊ើបអង្កេតលើករណីលេចធ្លាយឯកសារសម្ងាត់នេះហើយ៕