(បាកដាដ)៖ អាជ្ញាធរអ៊ីរ៉ាក់នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៦នាក់បានស្លាប់ និង២៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតពីរលើកនៅឯពិធីមង្គលការមួយស្ថិតនៅភាគខាងជើងខេត្ត Salahudin។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។
ប្រភពដដែលបានបញ្ជាក់ទៀតថា ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកដ៏អាក្រក់នេះ បានកើតឡើងកាលពីថ្ងៃយប់ថ្ងៃពុធដោយក្រុមជនសកម្មប្រយុទ្ធបានបំផ្ទុះគ្រាប់បែក សម្លាប់ខ្លួនឯងនៅពិធីមង្គលការក្នុងភូមិ Hajjaj ស្ថិតនៅចំងាយ១៨៥គីឡូម៉ែត្រពីរដ្ឋធានីបាកដាដ។ បន្ថែមពីលើនេះ ជនបំផ្ទុះអត្តឃាតទីបីក៏បម្រុងសំរុកចូលក្នុងរោងការផងដែរ ក៏ប៉ុន្តែគ្រាប់បែកបែរជាផ្ទុះ មុនពេលចុចបំផ្ទុះ។
គួរបញ្ជាក់ថាពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ក៏ប៉ុន្តែក្រុមសកម្មប្រយុទ្ធ ISIS តែងតែដឹកនាំសកម្មភាពវាយប្រហារបំផ្ទុះគ្រាប់បែកប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល និងប្រជាជនស៊ីវិល នៅអ៊ីរ៉ាក់ជារឿយៗ៕