(ស៊ីរី)៖ ដើម្បីជួយជ្រោមជ្រែងក្នុងការវាយរំដោះទីក្រុងរ៉ាកកា (Raqqa) ពីកណ្ដាប់ដៃពួក ISIS សហរដ្ឋអាមេរិកបានបញ្ជូនកងម៉ារីនពិសេសមួយក្រុម អមដោយកាំភ្លើងធំធុនធ្ងន់ទៅកាន់ប្រទេសស៊ីរី ដែលនេះគឺជាការចូលរួមចំណែកដ៏ធំ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកររដ្ឋអ៊ីស្លាម ISIS។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។
យោងតាម Washington Post កងម៉ារីនអាមេរិកខាងលើបានចាកចេញពីទីក្រុង San Diego នៃរដ្ឋ California តំាងតែពីខែតុលា ឆ្នាំ២០១៦មកម្លេះ និងបានទៅដល់ប្រទេសស៊ីរីហើយ។ ម្យ៉ាងវិញទៀត កាំភ្លើងធំប្រវែង ១៥៥មីលីម៉ែត្រក៏ត្រូវបានដាក់ពង្រាយនៅក្បែរទីក្រុងរ៉ាកកាផងដែរ ដើម្បីរៀបខ្លួនវាយលុក ក៏ដូចជាគាំទ្រដល់ក្រុមឧទ្ទាមស៊ីរី SDF ឬកងកម្លាំងប្រជាធិបតេយ្យស៊ីរី វាយរំដោះទីក្រុងមួយនេះពីពួក ISIS មកវិញស្របពេលបច្ចុប្បន្នកងទ័ពអាមេរិកជិត៥០០នាក់ កំពុងមានវត្តមានស្រាប់នៅលើទឹកដីស៊ីរី។
ទោះបីជាយ៉ាងណាចំនួនពិតប្រាកដនៃកងម៉ារីនអាមេរិក មិនត្រូវបានគេបញ្ជាក់ឱ្យដឹងឡើយ។ «ក្រោមហេតុផលសន្តិសុខ ខ្ញុំមិនអាចផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងការបំលាស់ទី និងការដាក់ពង្រាយកងទ័ពអាមេរិកនៅស៊ីរីដល់អ្នកនោះទេ»។ នេះបើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Adrian Rankin ថ្លែងប្រាប់អ្នកសារព័ត៌មាន។
គួរបញ្ជាក់ថាបើតាមក្រុមអង្គការឃ្លំាមើលសិទ្ធិមនុស្សស៊ីរី នៅថ្ងៃព្រហស្បតិ៍នេះជនស៊ីវិលយ៉ាងហោចណាស់១៤នាក់ ក្នុងនោះមានកុមារ០៦នាក់បានស្លាប់នៅក្បែរទីក្រុងរ៉ាកកា ដោយសារតែការវាយប្រហារតាមផ្លូវអាកាសប្រឆំាងពួក ISIS ពីសំណាក់យន្ដហោះចម្បាំង ដែលគេជឿជាក់ថាជារបស់ក្រុមចំរុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក។ ទីក្រុងរ៉ាកកា ស្ថិតនៅចំងាយ ១៦០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងអាឡេប៉ូ បានធ្លាក់ចូលទៅក្រោមការគ្រប់គ្រងរបស់ពួក ISIS កាលពី ឆ្នាំ២០១៣។ ដោយឡែកបើតាមយោធាអាមេរិកក្រុមសកម្មប្រយុទ្ធ ISIS ពី៣,០០០ទៅ៤,០០០នាក់ កំពុងឈរជើងក្នុងទីក្រុងរ៉ាកកា ដែលមានប្រជាជនស៊ីរីប្រមាណ ៣០០,០០០នាក់រស់នៅ៕