(ហូណូលូលូ)៖ រដ្ឋហាវ៉ៃបានក្លាយជារដ្ឋអាមេរិកដំបូងគេបំផុត ដែលបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងបទបញ្ជាស្តីពីបំរាមធ្វើដំណើរថ្មីរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅក្រោយពេលដែលទទួលបានការអនុញ្ញាតពីតុលាការ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។
ក្រុមមេធាវីតំណាងរដ្ឋ Hawaii បានដាក់ពាក្យបណ្តឹងនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ទៅកាន់តុលាការសហព័ន្ធនៃទីក្រុងហូណូលូលូ (Honolulu) បន្ទាប់ពីបានផ្តល់ដំណឹងនាយប់ថ្ងៃអង្គារថា ខ្លួនមានបំណងនឹងប្តឹងប្រឆាំងនឹងការដាក់បំរាមរបស់លោក ដូណាល់ ត្រាំ ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១៦ ខែមីនាសប្តាហ៍ក្រោយនេះ។ ពាក្យបណ្តឹងរបស់រដ្ឋ Hawaii បានលើកឡើងថា បទបញ្ជាថ្មីនេះនឹងបង្កគ្រោះថ្នាក់ដល់ជនមូស្លីម វិស័យទេសចរណ៍ និងសិស្សបរទេសដែលកំពុងរស់នៅក្នុងរដ្ឋមួយនេះ។
គួរបញ្ជាក់ថាបទបញ្ជារបស់ប្រធានាធិបតីអាមេរិកលើកនេះ នឹងធ្វើការរារាំងទិដ្ឋាការសម្រាប់មនុស្សមកពីប្រទេសមូស្ល៊ីមចំនួន០៦ ដោយបានដកប្រទេសអ៊ីរ៉ាក់ចេញ ហើយព្រមទាំងផ្អាកកម្មវិធីទទួលជនភៀសខ្លួនជាបណ្តោះអាសន្នសិន ប៉ុន្តែវានឹងមិនប៉ះពាល់ដល់អ្នកដំណើរដែលមានទិដ្ឋាការរួចស្រាប់នោះឡើយ៕