(វ៉ាស៊ីនតោន)៖ អតីតអភិបាលរដ្ឋ Utah លោក ចន ហាន់ស្មែន (Jon Huntsman) ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តែងតាំងជាអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំប្រទេសរុស្ស៊ី ខណៈដែលលោកត្រូវបានចាត់ទុកជាមន្ត្រីជំនាញ និងមានបទពិសោធន៍ខ្ពស់មួយរូប សាកសមនឹងតំណែងដ៏សំខាន់នេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក CNN, ABC News និង NBC News លោក ហាន់ស្មែន ដែលធ្លាប់បានបំពេញតួនាទីជាអគ្គរដ្ឋទូតប្រចាំប្រទេសសិង្ហបុរីនៅឆ្នាំ១៩៩០ និងចិនពីឆ្នាំ២០០៩ ដល់២០១១ ក៏បានយល់ព្រមទទួលផងដែរនូវការតែងតាំងរបស់លោក ត្រាំ នៅក្នុងបរិបទទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូកំពុងតានតឹងខ្លាំង បន្ទាប់ពីអតីតរដ្ឋបាលលោក អូបាម៉ា សម្រេចចិត្តបណ្ដេញមន្រ្តីទូតរុស្ស៊ីជាច្រើននាក់ ដោយសារតែការជ្រៀតជ្រែតចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦។
គួរបញ្ជាក់ថាសេចក្ដីរាយការណ៍ពីការតែងតាំងលោក ចន ហាន់ស្មែន កើតមានឡើងនៅចំពេលដែលមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ត្រាំ មានដូចជាអគ្គរដ្ឋអាជ្ញា លោក ជែហ្វ សេសសិន (Jeff Sessions), ទីប្រឹក្សាសេតវិមាន លោក ហ្សារ៉េដ ឃូស្នើ (Jared Kushner), និងអតីតទីប្រឹក្សាសន្តិសុខជាតិលោក មីឆែល ហ្លីន (Michael Flynn) បានលួចជួបពិភាក្សាការងារដោយសម្ងាត់ជាមួយអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក លោក សឺជី គីស្លីយ៉ាក់ (Sergey Kislyak)៕