(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបើកការស៊ើបអង្កេតហើយ លើករណីលេចធ្លាយឯកសារសម្ងាត់ចេញផ្សាយដោយ Wikileaks ស្ដីពីសមត្ថភាព Hack របស់ទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិក CIA។ ក៏បុន្តែទន្ទឹមគ្នានោះដែរ CIA បានបដិសេធក្នុងការទទួលស្គាល់ភាពត្រឹមត្រូវនៃឯកសារដែលបានបែកធ្លាយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។
កាលពីថ្ងៃអង្គារ Wikileaks បានចេញផ្សាយឯកសារសម្ងាត់ក្រោមលេខកូដ Vault 7 ដោយក្នុងនោះផ្នែកទីមួយហៅថា Year Zero មានឯកសារជាង ៨,៧៦១ច្បាប់ដែលនិយាយពីសមត្ថភាព Hack របស់ CIA។ ជុំវិញបញ្ហានេះដែរ អតីតមន្រ្តីចារកម្មអាមេរិកម្នាក់បានប្រាប់ Washington Post ថា FBI និង CIA កំពុងធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងការស៊ើបអង្កេត ខណៈFBI ផ្ទាល់បានតាមដាន Wikileaks អស់រយៈពេលជាច្រើនឆ្នាំ ហើយការស៊ើបអង្កេតលើការបែកធ្លាយឯកសម្ងាត់ Vault 7 អាចនឹងក្លាយជាកម្មវត្ថុមួយក្នុងការស្វែងរកជនបង្កប់ ដែលទម្លាយឯកសារដល់ Wikileaks។
គួរបញ្ជាក់ថាបើតាមឯកសារសម្ងាត់របស់ Wikileaks CIA បានបង្កើតកម្មវិធីរាប់ពាន់ក្នុងនោះរួមមានទំាងការបង្កើតវីរុស និងកម្មវិធីជាច្រើនផ្សេងទៀត ដែលអនុញ្ញាតឱ្យខ្លួនចូល Hack ទិន្នន័យ ឬគ្រប់គ្រងឧបករណ៍អេឡិចត្រូនិច ដូចជាទូរស័ព្ទដៃស្មាតហ្វូន កុំព្យូរទ័រ ទូរទស្សន៍ និងរថយន្ដទំនើបជាដើម ដើម្បីឆ្លបយកការណ៍លើអ្នកប្រើប្រាស់។ ចំណែកឯក្រុមហ៊ុន Microsoft Apple និង Samsung ក៏បានបង្ហាញការព្រួយបារម្ភរបស់ខ្លួនផងដែរ បន្ទាប់ពីការបែកធ្លាយឯកសារសម្ងាត់ CIA៕