(ប៉េកាំង)៖ ប្រទេសចិនកំពុងអភិវឌ្ឍន៍យន្តហោះគ្មានអ្នកបើកបរ (Drone) របស់យោធាជាមួយនិងបច្ចេកវិទ្យាបំបាំងកាយ ដែលអាចគេចខ្លួនពីអាវុធបាញ់យន្តហោះបាននៅក្នុងការបោះជំហានថ្មីឆ្ពោះទៅមុខមួយទៀត សម្រាប់គំរោងធ្វើទំនើបកម្មវិស័យយោធាពោរពេញដោយមហិច្ឆតារបស់មហាយក្សនៅអាស៊ីមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។
លោក Wei Yiyin អនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនឧស្សាហកម្ម និងវិទ្យាសាស្រ្តអវកាសចិនបានថ្លែងថា «យន្តហោះ Drone បានក្លាយជាអាវុធដ៏ចាំបាច់បំផុតមិនអាចខ្វះបាននៅក្នុងវិស័យយោធាដ៏ទំនើបដូចសព្វថ្ងៃនេះ ដោយសារតែពួកវាអាចដើរតួយ៉ាងសំខាន់ នៅក្នុងការឈ្លបយកការណ៍ជាមួយនិងរូបភាពដ៏ច្បាស់ៗ និងការវាយប្រហាររយៈចម្ងាយឆ្ងាយប្រកបដោយភាពត្រឹមត្រូវ និងច្បាស់លាស់បំផុត ក៏ដូចជាប្រតិបត្តិការប្រឆាំងនាវាមុជទឹក រួមទាំងការប្រយុទ្ធតាមផ្លូវអាកាស»។
គួរបញ្ជាក់ថាចិនកំពុងបណ្តាក់ទុនវិនិយោគថវិការាប់ពាន់លានដុល្លារ ដើម្បីបង្កើនការធ្វើទំនើបកម្មទៅលើបរិក្ខាយោធាចាស់ៗ និងអភិវឌ្ឍន៍សព្វាវុធថ្មីៗ ដែលរួមមានទាំងយន្តហោះចម្បាំងបំបាំងកាយ និងនាវាផ្ទុកយន្តហោះចម្បាំងផងដែរ ហើយប្រទេសអាស៊ីខាងកើតមួយនេះបានចាប់ផ្តើមការសិក្សាស្រាវជ្រាវខ្លាំងទៅលើយន្តហោះ Drone របស់យោធា ដោយសង្ឃឹមថានឹងអាចទាញយកចំណែកទីផ្សារបានពីសហរដ្ឋអាមេរិក និងអ៊ីស្រាលអែល តាមរយៈបច្ចេកវិទ្យាធូរថ្លៃ និងឆន្ទៈក្នុងការលក់ទៅឲ្យបណ្តាប្រទេសនានា ដែលប្រទេសលោកខាងលិចមានការស្ទាក់ស្ទើរក្នុងការធ្វើជំនួញសព្វាវុធជាមួយនោះ៕