(វ៉ាស៊ីនតោន)៖ សភាជាតិអាមេរិកបានសម្រេចអនុម័តសេចក្តីព្រាង ស្តីពីគំរោងអនាគតរបស់ទីភ្នាក់ងារអវកាសណាសា (NASA) ជាលើកដំបូងនៅក្នុងរយៈពេលជាង០៦ឆ្នាំចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានវិទ្យាសាស្រ្ត Space News នៅមុននេះបន្តិចនាព្រឹកថ្ងព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។
សេចក្តីព្រាងខាងលើនឹងកំណត់គោលការណ៍ដឹកនាំសកម្មភាពផ្សេងៗរបស់ NASA រួមបញ្ចូលទាំងការបង្កើតគំរោងលម្អិតសម្រាប់បេសកកម្មរុករកទីអវកាសដោយមនុស្សរយៈពេលវែង ដូចជាការបញ្ជូនអវកាសយានិកទៅកាន់ភពអង្គារជាដើម។ ដោយឡែកសេចក្តីព្រាងនេះបានស្នើឲ្យមានការផ្តល់ថវិកាឧបត្ថម្ភចំនួន ១៩.៥ពាន់លានដុល្លារដល់ទីភ្នាក់ងារអវកាស NASA សម្រាប់ឆ្នាំ២០១៧។
គួរបញ្ជាក់សេចក្តីព្រាងឆ្នាំ២០១៧នេះរបស់អង្គការ NASA បានឆ្លងផុតសភាទាំងពីរជាន់ថ្នាក់របស់អាមេរិកនាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) ហើយកំពុងតែរង់ចាំទទួលហត្ថលេខាឯកភាពពីប្រធានាធិបតីលោក ដូណាល់ ត្រាំ។ សម្រាប់សេចក្តីព្រាង NASA លើកនេះគឺជាលើកទីមួយហើយគិតចាប់តាំងពីឆ្នាំ២០១០ប៉ុណ្ណោះ ដែលត្រូវធ្វើការសុំការអនុម័តពីសភាទាំងពីរ៕