(កង់បេរ៉ា)៖ ស្ដូបគោរពវិញ្ញាណក្ខន្ធជាអចិន្រ្តៃយ៍ដល់ជនរងគ្រោះទំាង ២៣៩នាក់ ដែលបានបាត់ខ្លួនទៅជាមួយយន្ដហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី នឹងត្រូវកសាងឡើងនៅក្នុងទីក្រុង Perth ប្រទេសអូស្ត្រាលីនាពេលឆាប់ៗខាងមុខនេះ តាមដែលអាចធ្វើទៅបាន។ នេះបើតាមរដ្ឋមន្ត្រីដឹកជញ្ជូនអូស្ត្រាលី លោក Darren Chester ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទអាត្ថាធិប្បាយមួយ ចេញផ្សាយនៅថ្ងៃពុធសប្តាហ៍ លោក Chester បាននិយាយថា «ការសាងសង់ស្ដូបគោរពវិញ្ញាណក្ខន្ធនេះ អាចនឹងជួយបន្ធូរបន្ថយភាពឈឺចាប់សម្រាប់គ្រួសារសាច់ញាតិជនរងគ្រោះ។ ក៏ប៉ុន្តែវាក៏មានសារៈសំខាន់ផងដែរ ចំពោះយើងទំាងអស់គ្នាជួបជុំគ្នាសម្ដែងការគោរពដល់អ្នក ដែលបានស្លាប់ ហើយយើងក៏សង្ឃឹមទៀតថា យើងអាចនឹងទម្លាយភាពទាល់ច្រក ត្រឡប់ទៅកាន់ប្រតិបត្តិការស្វែងរកវិញ ដើម្បីកំណត់ទីតាំងធ្លាក់របស់ MH370»។
គួរបញ្ជាក់ថាយន្ដហោះ MH370 បានបាត់ខ្លួនដោយអាថ៌កំបាំងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩នាក់ ភាគច្រើនជាជនជាតិចិនក្នុងផ្លូវហោះហើរពីទីក្រុងគូឡាឡាំពួ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង។ ដោយឡែកកាលពីខែមករាកន្លងទៅ អាជ្ញាធរម៉ាឡេស៊ី ចិន និងអូស្ត្រាលីបានសម្រេចចិត្តផ្អាកការតាមរក MH370 បន្ទាប់ពីគ្មានបំណែក និងព័ត៌មានពាក់ព័ន្ធនឹង MH370 ត្រូវបានគេរកឃើញ។ ទោះបីយ៉ាងជាណាក្រុមគ្រួសារសាច់ញាតិជនរង គ្រោះបានជំទាស់យ៉ាងខ្លាំងនឹងការសម្រេចចិត្តបែបនេះ ក៏ដូចជាអំពាវនាវឱ្យអាជ្ញាធរនៃប្រទេសទំាងបី ធ្វើប្រតិបត្តិការតាមរកឡើងវិញ៕