(វ៉ាស៊ីនតោន)៖ ចំនួនជនអន្តោប្រវេសន៍ម៉ិចស៊ីកូ ចូលមកកាន់សហរដ្ឋអាមេរិកបានថយចុះ៤០ភាគរយ គិតចាប់ពីខែមករាមកទល់ខែកុម្ភៈ ឆ្នាំ២០១៧។ នេះបើតាមសម្តីរបស់លោក John Kelly រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។
យោងតាមលោក John Kelly អត្រាថយចុះនេះបានកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្បថឡើងកាន់តំណែងជាផ្លូវការកាលពីថ្ងៃទី២០ ខែមករា ជាមួយការប្តេជ្ញាថា នឹងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ ១១លាននាក់ចេញពីសហរដ្ឋអាមេរិក។ លំហូរនៃជនអន្តោប្រវេសន៍លួចឆ្លងដែនដោយខុសច្បាប់ ដោយវាស់ស្ទង់តាមរយៈការឃាត់ខ្លួន និងរារាំងនៃបុគ្គលដែលគ្មានការអនុញ្ញាតត្រឹមត្រូវនៅតាមព្រំប្រទល់ភាគខាងត្បូង បានធ្លាក់ចុះមកនៅត្រឹម១៨,៧៦២នាក់នាខែកុម្ភៈកន្លងទៅពី ៣១,៥៧៨នាក់កាលពីខែមករា ឆ្នាំ២០១៧នេះ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២៥ ខែមករាលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យមានការសាងសង់ជញ្ជាំងនៅតាមព្រំដែនអាមេរិក-ម៉ិចស៊ីកូ ដែលមានប្រវែងប្រហែល ៣,២០០គីឡូម៉ែត្រ និងបានចាត់វិធានការដើម្បីដកហូតថវិកាជំនួយសហព័ន្ធពីបណ្តារដ្ឋ និងទីក្រុងដែលទទួលឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ជ្រកកោន ហើយថែមទាំងបានបង្កើនកម្លាំងនៃភ្នាក់ងារអន្តោប្រវេសន៍អាមេរិកទៀតផង៕