(ស៊ីដនី)៖ បុរសអូស្ត្រាលីមា្នក់ឈ្មោះ Gordon Douglas Chalmers បានរងការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើកុមារ ៩៣១នាក់ បន្ទាប់ពីរូបគេបានបន្លំខ្លួនធ្វើជាតារាចមៀង Justin Bieber ដោយបង្គាប់ឱ្យកុមាររងគ្រោះទំាងនេះផ្ញើរូបភាពអាសអាភាសមកខ្លួននៅលើបណ្ដាញអ៊ីនធើណែត។ នេះបើតាមសម្តីអាជ្ញាធរអូស្ត្រាលី ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។
បុរសខាងលើក៏ត្រូវបានចោទប្រកាន់ផងដែរ ពីបទឧក្រិដ្ឋផ្លូវភេទលើកុមារក្នុងនោះរួមមានទំាងការធ្វើអាជីវកម្មផ្លូវភេទកុមារនៅលើបណ្ដាញអ៊ីនធើណែត។ ជាងនេះទៅទៀតក្រោយពេលដែលប៉ូលិសអូស្ត្រាលីបានធ្វើការស៊ើបអង្កេតលើកំព្យូទ័ររបស់បុរសរូបនេះ ពួកគេបានសម្រេចចិត្តចោទប្រកាន់ បុរសនេះចំនួន៩៣១ករណីនៅក្នុងសប្ដាហ៍នេះ ពីបទផលិតសម្ភារៈសិចសម្រាប់កុមារ រំលោភបំពានផ្លូវភេទ និងបទល្មើសជាច្រើនទៀត។
គួរបញ្ជាក់ថាបើតាមមន្ត្រីប៉ូលិសអូស្ត្រាលី បុរសជាជនជាប់ចោទខាងលើបានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដូចជា Facebook និង Skype ដើម្បី ទំនាក់ទំនងជាមួយកុមាររងគ្រោះ ហើយម្យ៉ាងវិញបុរសមានអាយុ៤២ឆ្នាំរូបនេះមកពីរដ្ឋ Queensland ក៏ធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសរំលោភបំពានផ្លូវភេទម្តងរួចទៅហើយដែរកាលពីឆ្នាំ២០០៧៕