(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសតែងតាំងរដ្ឋមន្រ្តីការបរទេសស្តីទី នៅថ្ងៃព្រហស្បតិ៍នេះ នៅក្រោយពេលដែលគណៈកម្មការទទួលបន្ទុកការតែងតាំង ឬហៅកាត់ថា CA របស់ព្រឹទ្ធសភាហ្វីលីពីន បានសម្រេចជាឯកច្ឆន្ទមិនទទួលស្គាល់ការតែងលោក Perfect Yasay ដែលបានកាន់មុខតំណែងនេះអស់រយៈពេលជាងកន្លះឆ្នាំមកហើយនោះជារដ្ឋមន្ត្រីការបរទេសបន្តទៀត ដោយសារតែបញ្ហាសញ្ជាតិអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។
យោងតាមអ្នកនាំពាក្យរបស់លោក ឌូតឺតេ លោក Ernesto Abella បានឲ្យដឹងថា ការិយាល័យប្រធានាធិបតីបានធ្វើសេចក្តីប្រកាសនៅព្រឹកថ្ងៃព្រហស្បត៍នេះ។ លោក Abella បានឲ្យដឹងតាមរយៈសារជាអក្សរថា ប្រធានាធិបតីលោក ឌូតឺតេ បានសម្រេចជ្រើសតាំងអនុរដ្ឋមន្ត្រីនៃក្រសួងការបរទេសលោក Enrique Manalo ឲ្យកាន់មុខតំណែងជំនួសលោក Yasay បណ្តោះអាសន្ន។
គួរបញ្ជាក់លោក Perfecto Yasay បានបរាជ័យក្នុងការទទួលបានការទទួលស្គាល់ពីគណៈកម្មការ CA ដ៏មានឥទ្ធិពលនេះបន្ទាប់ពីលោក បានផ្តល់សេចក្តីថ្លែងការណ៍ដ៏ចម្រូងចម្រាសអំពីថាតើរូបលោកធ្លាប់មានសញ្ជាតិអាមេរិកដែរ ឬយ៉ាងណានោះនាពេលកន្លងមក។ ម៉្យាងវិញទៀតដោយយោងតាមការសម្រេចចិត្តជាឯកច្ឆន្ទរបស់ CA លោក ឌូតឺតេ មិនអាចធ្វើការតែងតាំងលោក Yasay ដែលជាមិត្តជិតស្និទ្ធរបស់លោកឡើងវិញម្តងទៀតបានឡើយ៕