(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានការព្រួយបារម្ភជាខ្លំាងចំពោះការលេចធ្លាយឯកសារសម្ងាត់ដែលត្រូវចុះផ្សាយដោយ Wikileaks ហើយបើសិនជាព័ត៌មាននេះគឺជាការពិត ឬត្រូវបានទទួលស្គាល់ នោះអ្នកធ្វើឱ្យបែកធ្លាយឯកសារសម្ងាត់រដ្ឋ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ ។ នេះបើតាមអ្នកនាំពាក្យសេតវិមាន លោក សន ស្ពៃសឺ (Sean Spicer) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។
លោក សន ស្ពៃសឺ នៅចំពោះអ្នកសារព័ត៌មានបានលើកឡើងដូច្នេះថា «គាត់ (លោក ត្រាំ)» ពិតជាមានការព្រួយបារម្ភក្រៃលែងពាក់ព័ន្ធនឹងព័ត៌មាន ស្ដីពីការលេចធ្លាយឯកសម្ងាត់ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់យើង បើសិនវាជាការពិត បើទោះជាយើងមិនទាន់អាចអះអាងឬ ទទួលស្គាល់ភ្លាមៗក៏ដោយ។ ដូច្នេះវាប្រាកដណាស់ លោកប្រធានាធិបតីក៏បាននិយាយរួចហើយដែរថា អ្នកដែលជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យបែកធ្លាយ ឯកសារសម្ងាត់រដ្ឋនឹងត្រូវទទួលទោសតាមផ្លូវច្បាប់ជាធរមាន»។
គួរបញ្ជាក់ថាកាលពីថ្ងៃអង្គារ គេហទំព័រ Wikilleaks បានទម្លាយឯកសារសម្ងាត់ ក្រោមលេខកូដ Vault 7 ដោយក្នុងនោះផ្នែកទីមួយហៅថា Year Zero មានឯកសារជាង ៨,៧៦១ច្បាប់ដែលនិយាយពីសមត្ថភាព Hack របស់ CIA ហើយនៅក្នុងចំណោមឯកសារទំាងនេះ ក៏មានបញ្ជាក់ផងដែរថា CIA មាន Server សម្ងាត់ចំនួន០៥ទុកប្រើប្រាស់សម្រាប់លួចស្ដាប់កិច្ចសន្ទនាតាមទូរស័ព្ទ ក៏ដូចជាការបង្កើតវីរុសដើម្បី Hack លើទូរសព្ទដៃ កុំព្យូទ័រយួរដៃ រថយន្ដទំនើបៗ រួមទាំងផលិតផលជាច្រើនរបស់អាមេរិក និងអឺរ៉ុបដូចជា Windows, iPhone, Android និងទូរទស្សន៍ Samsung ជាដើម។ ម្យ៉ាងវិញទៀតបើតាម Wikilleaks ស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់គឺមូលដ្ឋានសម្ងាត់របស់ Hacker CIA ដែលធ្វើប្រតិបត្តិការនៅអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រ្វិក៕