(កាប៊ុល)៖ ខ្មាន់កាំភ្លើងមួយចំនួនដោយរួមបញ្ចូលទាំងម្នាក់ស្លៀកពាក់ជាវេជ្ជបណ្ឌិត ដែលអះអាងថា ជាក្រុម ISIS បានបើកការវាយប្រហារទៅលើមន្ទីរពេទ្យយោធាមួយកន្លែង ដែលស្ថិតនៅក្នុងតំបន់ក្បែរស្ថានទូតអាមេរិក ប្រចាំនៅរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាននាថ្ងៃពុធនេះ និងបានបាញ់ប្រហារគ្នាជាជាមួយកងកម្លាំងសន្តិសុខ ដែលស្ថិតនៅក្នុងអគារមន្ទីរពេទ្យនោះ បានបណ្តាលឲ្យមនុស្សជាង៣០នាក់ស្លាប់ និងជាង៥០នាក់រងរបួស។ នេះបើតាមការអះអាងរបស់សាក្សីជាច្រើនរូប ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន BBC Update នៅមុននេះបន្តិចនាព្រលប់ថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។
សាក្សីបាននិយាយថា រូបលោកបានឃើញខ្មាន់កាំភ្លើងម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់ពណ៌សរបស់គ្រូពេទ្យបានដកកាំភ្លើងរះ AK-47 រួចហើយបើកការបាញ់ប្រហារយ៉ាងសាហាវ ដែលបានបណ្តាលឲ្យអ្នកជំងឺម្នាក់ និងបុគ្គលិកមន្ទីរពេទ្យម្នាក់បាត់បង់ជីវិត ប៉ុន្តែសាក្សីដដែលនេះបានបញ្ជាក់ដូច្នេះថា រូបលោកក៏បានលឺសូរសំឡេងគ្រាប់កាំភ្លើងបាញ់ចេញពីជ្រុងមួយចំនួនផ្សេងទៀតផងដែរ។
ជាមួយគ្នានេះដែរ យោងតាមសម្តីរបស់មន្រ្តីការពារសន្តិសុខម្នាក់ ការវាយប្រហារខាងលើបានចាប់ផ្តើម ជាមួយការផ្ទុះដ៏ខ្លាំងក្លាមួយនៅផ្នែកខាងក្រោយនៃមន្ទីរពេទ្យ Sardar Mohammad Daud Khan និងខ្មាន់កាំភ្លើងពីបីទៅប្រាំនាក់ជាមួយកាំភ្លើងស្វ័យប្រវត្តិ និងគ្រាប់បែកបានចូលទៅក្នុងបរិវេណនៃមន្ទីរពេទ្យ។
គួរបញ្ជាក់ថា មន្ទីរពេទ្យរងការវាយប្រហារនេះ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីស្ថានទូតអាមេរិក ដែលមានការពារយ៉ាងរឹងមាំបំផុតនោះឡើយ៕