(វ៉ាស៊ីនតោន)៖  ZTE Corp ដែលជាក្រុមហ៊ុនដ៏ធំលំដាប់ទី២របស់ចិន ផ្នែកផលិតបរិក្ខាទូរគមនាគមន៍ បានយល់ព្រម​បង់ប្រាក់១ពាន់លានដុល្លារ ដើម្បីផ្សះផ្សារជាមួយរដ្ឋាភិបាលអាមេរិក ពាក់ព័ន្ធនឹងការចោទប្រកាន់ថាក្រុមហ៊ុនចិនមួយនេះ បានរំលោភលើច្បាប់ដាក់កំហិតលើការ លក់បច្ចេកវិទ្យាអាមេរិកទៅឱ្យអ៊ីរ៉ង់។ នេះ បើតាមប្រភពស្និតនឹងក្រុមហ៊ុន ZTE ដកស្រង់ដោយសារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។

ប្រភពដដែលថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណបានឱ្យដឹងដែរថា ក្រសួងពាណិជ្ជកម្ម ក្រសួងយុត្តិធម៌ និងរតនាគារជាតិអាមេរិក មានគំរោងប្រកាសពីវិធានការអនុវត្តច្បាប់ទាក់ទិននឹងការចោទប្រកាន់លើ ZTE ពីសំណាក់រដ្ឋាភិបាលអាមេរិក នៅថ្ងៃអង្គារនេះ។ ក៏ប៉ុន្តែការផ្សះផ្សារមិនទាន់ចេញផ្សាយជាសាធារណៈនៅឡើយទេ។

គួរបញ្ជាក់ថា កាលពីខែមីនាឆ្នាំ២០១៦ ដោយសារការចោទប្រកាន់ខាងលើ ក្រសួងពាណិជ្ជកម្មអាមេរិក បានសម្រេចចិត្តរាំងខ្ទប់ការនំាចេញ របស់សហរដ្ឋអាមេរិក សម្រាប់ ZTE ខណៈក្រុមហ៊ុនចិនមួយនេះ បាននិយាយថាខ្លួន នឹងធ្វើកិច្ចសហការជាមួយអាជ្ញាធរ និងទិញបច្ចេកវិទ្យាពី ក្រុមហ៊ុនអាមេរិក ក្នុងនោះមានដូចជាក្រុម ហ៊ុន Qualcomm Inc. និង Micron Technology Incជាដើម៕