(សេអ៊ូល)៖ ប្រព័ន្ធរ៉ាដាដ៏មានឥទ្ធិពល X-band ជាផ្នែកស្នូលដ៏សំខាន់មួយនៃប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD ដែលនឹងត្រូវចាប់ផ្ដើមដាក់ ពង្រាយលើឧទ្វីបកូរ៉េ នឹងត្រូវបញ្ជូនមកកាន់កូរ៉េខាងត្បូងនៅខែមីនានេះហើយ។ នេះបើតាមប្រភពពីមន្ត្រីយោធាកូរ៉េខាងត្បូង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។
ប្រភពដដែលថ្លែងប្រាប់យ៉ុនហាប់ នៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ បានឱ្យដឹងថា «ប្រព័ន្ធរ៉ាដារបស់ THAAD នឹងត្រូវប្រគល់នៅអំឡុងខែនេះ ដើម្បីធ្វើតេស្ដនៃប្រតិបត្តិការ រីឯសម្ភារៈចំាបាច់នៅសល់ អាចនឹងត្រូវបញ្ជូនមកកាន់កូរ៉ខាងត្បូងនៅប៉ុន្មានខែខាងមុខទៀតនេះ ពីមូលដ្ឋានទ័ពអាកាសអាមេរិកទៅកាន់តំបន់ស៊ឹងជូ (Seongju) ស្ថិតនៅចំងាយ៣០០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងសេអ៊ូល។ ក៏ប៉ុន្តែបើតាមប្រភពមួយចំនួនដែលយ៉ុនហាប់ទទួលបានកាលពីថ្ងៃអង្គារ គំរោងដាក់ពង្រាយ THAAD អាចនឹងត្រូវបញ្ចប់ទាំងស្រុងនៅរយៈពេលពីមួយខែទៅពីរខែ ឬអាចនឹងចាប់ផ្ដើមប្រតិបត្តិការរបស់វានៅខែមេសា។
គួរបញ្ជាក់ថា THAAD ត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់មីស៊ីលរយៈចងាយខ្លី និងមធ្យម ដូចជា Scud និង Rodong ដែលអាចបាញ់បានក្នុងរយៈចំងាយ ៣,០០០គីឡូម៉ែត្រ និងរយៈកម្ពស់ពី៤០ទៅ១៥០គីឡូម៉ែត្រ៕