(សេអ៊ូល)៖ អតីតអគ្គរដ្ឋទូតរងរបស់ប្រទេសកូរ៉េខាងជើង ដែលបានមកសុំជ្រកកោណនៅកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៦ លោក Thae Yong-ho បានលើកឡើងថា ការផ្អាកនាំចូលរ៉ែធ្យូងថ្មរបស់កូរ៉េខាងជើងពីសំណាក់ប្រទេសចិននោះ គឺមិនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរអ្វីដល់កូរ៉េខាងជើងនោះឡើយ ប៉ុន្តែវាបានក្លាយជាការរារាំងមិនឲ្យកិច្ចពិភាក្សារវាងអាមេរិក និងកូរ៉េខាងជើងកើតមានឡើងទៅវិញ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នារសៀលថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។
កាលពីខែកុម្ភៈ ប្រទេសចិនបានសម្រេចចិត្តអនុវត្តន៍ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងជាលើកដំបូង ដោយក្នុងនោះចិនបានអះអាងថាខ្លួនធ្វើតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដោយផ្អាកការនាំចូលរ៉ែធ្យូងថ្មពីកូរ៉េខាងជើង ដើម្បីប្រឆាំងទៅនឹងការធ្វើតេស្តមីស៊ីល និងគ្រាប់បែកនុយក្លេអ៊ែរ។ ការសម្រេចចិត្តរបស់ចិននេះ នឹងត្រូវផុតកំណត់រហូតដល់ដំណាច់ឆ្នាំ២០១៧នេះ។
ជុំវិញបញ្ហានេះដែរលោក Thae Yong-ho បានលើកឡើងយ៉ាងដូច្នេះថា «ការផ្អាកការនាំចូលជាបណ្តោះអាសន្នរបស់ចិននោះ មិនមែនជាដំណោះស្រាយអ្វីនាំឲ្យស្កៀបកូរ៉េខាងជើងនោះឡើយ។ ជាងនេះទៅទៀតវាគឺជាការប្រាប់ទីក្រុងព្យុងយ៉ាងឲ្យច្បាស់អំពីអ្វីដែលខ្លួនត្រូវធ្វើ ដើម្បីផលប្រយោជន៍នៃនយោបាយការទូតថ្នាក់តំបន់របស់ប្រទេសចិនទៅវិញទេ។» មន្ត្រីទូតជំនាញរូបនេះបានបន្ថែមថា ប្រទេសចិនហាក់កំពុងតែអូសទាញកូរ៉េខាងជើងមកវិញ ដើម្បីកុំឲ្យមានឱកាសក្នុងការបង្កើតពិភាក្សាជាមួយអាមេរិក ដូចដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីធ្លាប់លើកឡើងថា ចង់មានកិច្ចពិភាក្សាដោះស្រាយបញ្ហាតទល់មុខគ្នាជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កន្លងមកនោះ៕