(វ៉ាស៊ីនតោន)៖ បន្ទាប់ពីបានចេញផ្សាយឯកសារសម្ងាត់ជាង ៨,៧៦១ច្បាប់របស់ CIA ក្រោមលេខកូដ “Vault 7” និងមានចំណងជើងថា “Year Zero” គេហទំព័រ Wikileaks បានព្រមានជាថ្មីថាទីភ្នាក់ងារស៊ើបការសម្ងាត់អាមេរិកមួយនេះ បាននិងកំពុងព្យាយាមប្រើវិធីសាស្ត្រ Hack ដើម្បីគ្រប់គ្រង ឬបញ្ជាលើប្រព័ន្ធគ្រប់គ្រងរថយន្ដ និងរថយន្ដកាមីញ៉ុងទំនើបៗ ទុកប្រើការក្នុងការអនុវត្តន៍ប្រតិបត្តិសម្ងាត់ ក្នុងរួមមានទំាងការធ្វើឃាតដោយឥតបន្សល់ដានផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។
យោងតាម Wikileaks ទោះបីជាការប្រើប្រាស់បច្ចេកវិទ្យា Hack របស់ CIA ពុំទាន់មានការបញ្ជាក់ច្បាស់លាស់ក៏ដោយ ក៏ប៉ុន្តែអ្វីដែលគេដឹងគឺ CIA អាចនឹងប្រើ ប្រាស់វាក្នុងវិធីសាស្ត្រដ៏គួរឱ្យភ័យខ្លាច ដោយរួមមានទំាងការធ្វើឃាតជាដើម។ Wikileaks នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានឱ្យដឹងដូច្នេះថា «កាលពីខែតុលា ឆ្នាំ២០១៤ CIA បានព្យាយាមស្វែងរកក៏ដូចជាប្រើប្រាស់បច្ចេកវិទ្យា Hack ដើម្បីគ្រប់គ្រប់លើប្រព័ន្ធបញ្ជារថយន្ដ និងរថយន្ដកាមីញ៉ុងទំនើប ហើយម្យ៉ាងវិញទៀតបើទោះជាវាពុំទាន់មានការបញ្ជាក់ច្បាស់លាស់ ក៏ប៉ុន្តែបច្ចេកវិទ្យានេះអាចនឹងអនុញ្ញាតឱ្យ CIA ចូលរួមប្រតិបត្តិការលួចធ្វើឃាតស្ទើតែមិនបន្សល់ទុកស្លាកស្នាមអ្វីបន្តិចឡើយ»។
គួរបញ្ជាក់ថាបើតាម Wikileaks បច្ចុប្បន្នយានយន្ដទំនើបជាច្រើន ត្រូវបានគ្រប់គ្រងដោយប្រព័ន្ធកុំព្យូទ័រ រួមមានការគ្រប់គ្រងប្រព័ន្ធហ្វ្រាំង ពោងសុវត្ថិភាព ចង្កូត ការបង្កើនល្បឿន សោរទ្វាររថយន្ដ និងប្រព័ន្ធសំខាន់ៗជាច្រើនផ្សេងទៀត៕