(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ នៅថ្ងៃពុធនេះហាក់ដូចជាបានបន្ទន់ឥរិយាបថ និងបន្ថយសំឡេងរិះគន់លើកូរ៉េខាងជើង មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលរបស់លោកចោទប្រកាន់ថា ទីក្រុងព្យុងយ៉ាងបានចាត់ទុកប្រជាជនម៉ាឡេស៊ី ជាចំណាប់ខ្មាំងដោយហាមឃាត់ពួកគេមិនឱ្យចាកចេញ ពីប្រទេសនៅក្នុងបរិបទដែលប្រទេសទំាងពីរកំពុងមានជម្លោះការទូតនឹងគ្នា ដោយសារតែអំពើឃាតកម្មលើលោក គីម ជុងណាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។
ជម្លោះការទូតរវាងប្រទេសទំាងពីរ បានឈានដល់ការចាត់វិធានការសងសឹកដាក់គ្នាទៅវិញទៅមក ក្នុងនោះរួមមានទំាងការបណ្ដេញអគ្គរដ្ឋទូត និងការ ហាមឃាត់ប្រជាជនមិនឱ្យចាកចេញប្រទេសរៀងៗខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយដើម្បីធានាសុវត្ថិភាព ជនជាតិម៉ាឡេស៊ីទំាង១១នាក់ ដែលកំពុង ជាប់គាំងនៅកូរ៉េខាងជើង លោក ណាជីប រ៉ាហ្សាក់ នៅចំពោះមុខសភាជាតិបាននិយាយថា លោកគ្មានគំរោងការផ្ដាច់ទំនាក់ទំនងការទូតជាមួយទីក្រុងព្យុងយ៉ាងនោះឡើយ។
លោក រ៉ាហ្សាក់ បានថ្លែងយ៉ាងដូច្នេះថា «យើងជាប្រទេសមួយដែលបានបង្ហាញពីមិត្តភាពទៅកាន់ពួកគេ (កូរ៉េខាងជើង) ហើយយើងមិន មែនកំពុងរករឿងឈ្លោះប្រកែកជាមួយពួកគេនោះទេ ក៏ប៉ុន្តែនៅពេលបទឧក្រិដ្ឋមួយត្រូវបានប្រព្រឹត្ត ជាពិសេសគឺធាតុគីមីពុល VX ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសម៉ាឡេស៊ី យើងមានកាតព្វកិច្ចការពារ ផលប្រយោជន៍របស់ប្រជាជនម៉ាឡេស៊ី»។
គួរបញ្ជាក់ថាកាលពីថ្ងៃអង្គារ លោក ណាជីប បានហៅចំណាត់ការរបស់កូរ៉េខាងជើងថា ជាទង្វើគួរឱ្យស្អប់ខ្ពើម ខណៈអង្គការសហប្រជាជាតិក៏បានអំពាវនាវផងដែរឱ្យភាគីទំាងពីរ រក្សាភាពស្ងប់ស្ងាត់ ព្រមទំាងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការអនុវត្តន៍វិធានការការទូត៕