(សេអ៊ូល)៖ ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានបង្ហាញថា ប្រទេសកុម្មុយនីស្ដឯកោមួយនេះ អាចមានសមត្ថភាពបាញ់មីស៊ីលផ្លោងរយៈចំងាយមធ្យមជាច្រើនគ្រាប់ក្នុងរយៈពេលតែមួយ ហើយនេះគឺជាយុទ្ធសាស្ត្រវាយប្រហារ ដែលក្រុមអ្នកជំនាញមើលឃើញថា អាចទប់ទល់នឹងប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។
តាមរយៈការធ្វើតេស្ដមីស៊ីលជាច្រើនលើក នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្មវិធីមីស៊ីលកូរ៉េខាងជើង កាន់តែរីកចំរើនទៅមុខធ្វើឱ្យជប៉ុន និងកូរ៉េខាងត្បូងកាន់តែព្រួយបារម្ភ។ ការព្រួយបារម្ភកើនឡើងរហូតដល់ទីក្រុងសេអ៊ូល បានព្រមព្រៀងជាមួយសហរដ្ឋអាមេរិកដាក់ពង្រាយ THAAD នៅលើឧបទ្វីបកូរ៉េ បើទោះបីជាចិន និងរុស្ស៊ីព្រមានចាត់វិធានការចំពោះគំរោងតម្លើងTHAAD នេះក៏ដោយ។
សម្រាប់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង THAAD មានគោលដៅតែមួយគត់នោះគឺទប់ទល់នឹងការគំរាមកំហែងពីមីស៊ីលកូរ៉េខាងជើង។ ក៏ប៉ុន្តែយ៉ាងក៏ដោយ បើតាមក្រុមអ្នកជំនាញមួយចំនួន ដូចជាលោក Jeffrey Lewis បើទោះបីជាមានTHAAD ក៏មីស៊ីលកូរ៉េខាងជើងនៅតែអាចបង្កជាការគំរាមកំហែងដល់កូរ៉េខាងត្បូង និងជប៉ុនដដែល ត្បិតនៅពេលនេះទីក្រុងព្យុងយ៉ាងទំនងជាបាន ដើរដល់ការធ្វើកំណែប្រែបច្ចេកវិទ្យាមីស៊ីលផ្លោងប្រភេទ Scud ទៅហើយ។ ជាងនេះទៅទៀតដោយសារតែ THAAD របបដឹកនាំលោក គីម ជុងអ៊ុន អាច នឹងបង្កើនការអភិវឌ្ឍមីស៊ីល និងអាវុធនុយក្លេអ៊ែរទ្វេដង។ «កូរ៉េខាងជើងអាចនឹងផលិតមីស៊ីល Scud កាន់តែច្រើនដើម្បីទុកបាញ់កម្ទេច THAAD »។ នេះបើតាមលោក Jeffrey Lewis។
គួរបញ្ជាក់ថាក្រៅតែរឿងមីស៊ីលកូរ៉េខាងជើង ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនក៏នឹងត្រូវប្រឈមមុខផងដែរជាមួយចិន និងរុស្ស៊ី ដែលអាចនឹងចាត់វិធានការឆ្លើយតបទៅនឹងការតម្លើង THAAD នៅលើទឹកដីកូរ៉េខាងត្បូង ខណៈមហាអំណាចទំាងបីសុទ្ធតែមានបំណងរក្សាផលប្រយោជន៍រៀងៗខ្លួន នៃភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់ឧបទ្វីបកូរ៉េ៕