(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិននៅថ្ងៃពុធនេះបានថ្លែងថា ប្រទេសចិន សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសរុស្ស៊ីគួរតែធ្វើការសហការគ្នាទៅវិញទៅមក ហើយព្យាយាមសម្រេចឲ្យបាននូវសមិទ្ធផលឈ្នះ-ឈ្នះរវាងគ្នានិងគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅអំឡុងកិច្ចប្រជុំក្រៅផ្លូវការ នៃសម័យប្រជុំសភាជាតិនៅទីក្រុងប៉េកាំង រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានលើកឡើងថា នៅក្នុងសម័យកាលថ្មីនេះទំនាក់ទំនងចិន-អាមេរិក-រុស្ស៊ី គួរតែមិនមែនជាល្បែងយកឈ្នះចាញ់នឹងគ្នានោះទេ ហើយប្រទេសទាំងបី គួរតែចូលរួមធ្វើការជាមួយគ្នាជាជាងប្រឆាំងគ្នា និងព្យាយាមស្វែងរកសមិទ្ធផលដែលផ្តល់ប្រយោជន៍ឲ្យភាគីទាំងបីដោយគ្មានអ្នកចាញ់ ឬមួយក៏ខាតបង់ឡើយ។
គួរបញ្ជាក់ថាទំនាក់ទំនងរវាងប្រទេសចិន និងអាមេរិកហាក់បានប្រសើរឡើងវិញបន្តិច បន្ទាប់ពីអាមេរិកព្រមទទួលស្គាល់នយោបាយចិនតែមួយ ប៉ុន្តែវាក៏បានលេចឡើងនូវបញ្ហាថ្មីៗបន្ថែមទៀតដែរ នោះគឺការបង្កើនឥទ្ធិពលរបស់អាមេរិកនៅសមុទ្រចិនខាងត្បូង និងខាងកើតព្រមទាំងស្ថានការណ៍នៅតំបន់ឧបទ្វីបកូរ៉េដែលហែកចិន និងអាមេរិកចេញពីគ្នាដោយសារតែការគាំទ្រសម្ព័ន្ធមិត្តរៀងៗខ្លួន។ ដោយឡែកទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ីហាក់បន្តស្រពិចស្រពិលនៅឡើយ ព្រោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងរង់ចាំមើលការប្តេជ្ញារបស់រុស្ស៊ីក្នុងការកម្ចាត់ក្រុមភេរវករ ជាថ្នូរនឹងការដកទណ្ឌកម្មពីរុស្ស៊ី៕