(ម៉ាឡេស៊ី)៖ នរណាៗក៏ដឹងដែរថាថ្ងៃទី០៨ ខែមីនា គឺជាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ប៉ុន្តែថ្ងៃទី០៨ ខែមីនានេះ ក៏ជាថ្ងៃដ៏ឈឺចាប់ និងជូរចត់បំផុតផងដែរសម្រាប់ក្រុមគ្រួសារសាច់ញាតិ នៃអ្នកដំណើរទាំងអស់ដែលជិះនៅលើយន្ដហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបានបាត់ដំណឹងដោយអាថ៌កំបំាងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ដែលគិតមកដល់ពេលវេលាដូចគ្នានៅឆ្នាំ២០១៧នេះ មានរយៈពេលបីឆ្នាំគត់តែម្តង។
យន្តហោះ MH370 បានបាត់ខ្លួនដោយអាថ៌កំបាំងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយអ្នកដំណើរ២៣៩នាក់ ភាគច្រើនជាជនជាតិចិន ក្នុងដំណើរផ្លូវហោះហើរពីទីក្រុងគូឡាឡាំពួ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង។ មកទល់នឹងពេលនេះគេពុំទាន់អាចកំណត់ឱ្យបានច្បាស់លាស់ពីមូលហេតុបាត់ យន្ដហោះនេះនៅឡើយទេ បើទោះបីជាធ្លាប់មានព័ត៌មានចុះផ្សាយពីការ រកឃើញបំណែកយន្ដហោះជាច្រើន ដែលគេជឿជាក់ថាជារបស់ MH370 ក៏ដោយ។
ម្យ៉ាងវិញទៀតការសន្និដ្ឋានជាច្រើនបានកើតឡើង ដោយក្នុងនោះមានទាំងការប្លន់យន្ដហោះ រួចបញ្ជាឲ្យ ធ្លាក់ចូលទៅក្នុងទឹកសមុទ្រ សកម្មភាពភេរវកម្ម កំហុសបច្ចេកទេសគ្រឿងម៉ាស៊ីន ឬពីឡុតហើយដែលការសន្និដ្ឋានទំាងនេះ រឹតតែធ្វើឱ្យការបាត់ខ្លួនរបស់ MH370 កាន់តែមានភាពអាថ៌កំបាំងនៅក្នុងប្រវត្តិសាស្ត្រនៃសោកនាដកម្មអាកាសចរណ៍ស៊ីវិល ខណៈមកទល់បច្ចុប្បន្ន MH370 នៅតែមិនទាន់ត្រូវបានរកឃើញ រីឯទីតាំងធ្លាក់ ឬសញ្ញាដែលយន្ដហោះនេះ ស្ថិតនៅក៏នៅពុំត្រូវបានគេបញ្ជាក់ឱ្យច្បាស់នោះដែរ។
គួរបញ្ជាក់ថាកាលពីខែមករាកន្លងទៅ អាជ្ញាធរម៉ាឡេស៊ី ចិន និងអូស្ត្រាលីបានសម្រេចចិត្តផ្អាកការតាមរក MH370 បន្ទាប់ពីគ្មានបំណែក និងព័ត៌មានពាក់ព័ន្ធនឹង MH370 ត្រូវបានគេរកឃើញ។ ទោះបីយ៉ាងជាណា ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ បានជំទាស់យ៉ាងខ្លាំងនឹងការសម្រេចចិត្តបែបនេះ ក៏ដូចជាអំពាវនាវឱ្យអាជ្ញាធរនៃប្រទេសទំាងបី ដំណើរការប្រតិបត្តិការតាមរកឡើងវិញ។ នេះបើតាមព័ត៌មានដែលចេញផ្សាយដោយ Channel News Asia៕